១៤៧ អង្គការ-សមាគម គាំទ្រសេចក្តីថ្លែងការណ៍ បញ្ហាសមុទ្ទចិនខាងត្បូង


Koh 05 07 16 2 copy

     ចង្កោមនៃអង្គការក្រៅរដ្ឋាភិបាល សមាគម និងសហជីពសរុបចំនួន ១៤៧ ក្នុងប្រទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៏មួយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០១៦ ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើសេចក្តីថ្លែងការណ៏ទាក់ទងនឹងបញ្ហាឈូងសមុទ្ទចិនខាងត្បូង ។

     គួររំលឹកថា យ៉ាងហោចមានប្រទេសចំនួន៤ ក្នុងអាស៊ាន គឺប្រទេសម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងប្រទេសប្រុយណេ ដែលមានជម្លោះជាមួយនឹងប្រទេសចិន លើការដណ្តើមប្រជុំកោះក្នុងឈូងសមុទ្ទចិនខាងត្បូង ។

     ប្រទេសហ្វីលីពីន បានដាក់ពាក្យបណ្តឹងមួយ ទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ កាលពីឆ្នាំ២០១៣ ដើម្បីប្តឹងប្រទេសចិន លើការដណ្តើមកោះនៅទីនោះ ហើយសាលដីការសម្រេចលើបណ្តឹងនេះ នឹងចេញដោយតុលាការយុត្តិធម៌ អន្តរជាតិ នៅថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ។ ប៉ុន្តែនៅមុនពេលសាលដីការតុលាការពិភពលោក មិនទាន់នឹងបានចេញផងនោះ សេចក្តីរាយការណ៏បានឲ្យដឹងថា មានការជម្រុញពីបរទេស ចង់ឲ្យកម្ពុជាដែលមិនជាប់ពាក់ព័ន្ធ ក្នុងជម្លោះនោះ ចេញសេចក្តីថ្លែងការណ៏គាំទ្រ សាលដីកាតុលាការយុត្តិធម៌អន្តរជាតិនោះ។

     សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៏នៅថ្ងៃទី២៨ ខែមិថុនា ក្នុងទិវារំលឹកខួប៦៥ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ថា គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែមិនគាំទ្រ ប៉ុន្តែថែមទាំងការប្រឆាំងនឹងការចេញ សេចក្តីថ្លែងការណ៏ណាមួយ របស់អាស៊ានថែមទៀត ។ គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចក្នុងរាជរដ្ឋាភិបាល បានចាត់ទុកបញ្ហាសមុទ្ទចិនខាងត្បូង ជាបញ្ហារវាងប្រទេសដែលមានការពាក់ព័ន្ធជាមួយគ្នា លើបញ្ហាអធិបតេយ្យ ហើយមិនមែនបញ្ហារវាងអាស៊ាន និងចិននោះទេ ។ គណបក្សប្រជាជនកម្ពុជា បានអំពាវនាវឲ្យបណ្តាប្រទេសដែលមានការពាក់ព័ន្ធ ដោះស្រាយជម្លោះនោះដោយសន្តិវិធី ។ គណបក្សប្រជាជនកម្ពុជា បានអំពាវនាវប្រទេសនៅក្រៅតំបន់ បញ្ឈប់ការជ្រៀតជ្រែកលើបញ្ហាសមុទ្ទចិនខាងត្បូងផងដែរ ។

     ទាក់ទងនឹងជំហររបស់គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចនេះ ចង្កោមនៃអង្គការក្រៅរដ្ឋាភិបាល សមាគម និងសហជីពសរុបចំនួន ១៤៧ បានចេញសេចក្តីថ្លែងការណ៏របស់ខ្លួន នៅថ្ងៃទី៤ ខែកក្កដា នេះ ដោយបង្ហាញការគាំទ្រទាំងស្រុង។ សេចក្តីថ្លែងការណ៏និយាយថា គេគាំទ្រចំពោះ ជំហររាជរដ្ឋាភិបាល ដែលមិនចេញសេចក្តីថ្លែងការណ៏ គាំទ្រសាលដីការតុលាការអន្តរជាតិ ពាក់ព័ន្ធនឹងជម្លោះក្នុងដែនសមុទ្ទចិនខាងត្បូង និងបានអំពាវនាវឲ្យភាគី ដែលពាក់ព័ន្ធរក្សាភាពអត់ធ្មត់ជាអតិបរមា និងដោះស្រាយបញ្ហានេះដោយសន្តិវិធី ដោយមិនប្រើកម្លាំង ឬគម្រាមប្រើកម្លាំង ទាក់ទងនឹងដំណោះស្រាយ ក្នុងបញ្ហាដែនសមុទ្ទចិនខាងត្បូងនោះឡើយ ។ ចង្កោមនៃអង្គការក្រៅរដ្ឋាភិបាល សមាគម និងសហជីព សរុបចំនួន ១៤៧ បានអំពាវនាវសូមទុកលទ្ធភាពឲ្យភាគីជាប់ពាក់ព័ន្ធគ្នា ដោះស្រាយដោយផ្ទាល់ ដោយប្រើប្រាស់យន្តការសេចក្តីថ្លែងការណ៏ DOC និងខិតខំធ្វើការរួមគ្នា រវាងអាស៊ាន និងចិន ដើម្បីសម្រេចឲ្យបានក្រមប្រតិបត្តិ COC ។

     គួរកត់សម្គាល់ដែរថា ចិនបានប្រកាសបដិសេធទុកជាមុន ដោយមិនព្រមទទួលយកសាលដីការតុលាការអន្តរជាតិនោះទេ និងចិនបានប្រកាសបញ្ជាក់ប្រាប់ថា មាន ៤៧ប្រទេស ដែលនឹងមិនទទួលយកសាលដីការតុលាការអន្តរជាតិនោះ ៕

Koh 05 07 16 3 copy

Koh 05 07 16 4 copy