ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អញ្ជើញសម្ពោធសមិទ្ធផល នានាក្នុងវត្តគំនូរ


ព្រឹកថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តី ការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅ ក្នុងពិធីសម្ពោធ សមិទ្ធិផលនានាក្នុងវត្តគំនូរ ដែលស្ថិតនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ប្រធាន អនុ ប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ តាជីយាយជី និងសិក្សានុ សិស្ស ចូលរួមប្រមាណជាង៥ពាន់នាក់ ។

នាឱកាសនោះឯកឧត្តមកិត្តនីតិកោសលបណ្ឌិត បានលើកឡើងពីទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ដែល វេទនាស្ទើស្លាប់ ស្ទើរស់ ត្រូវបង្ខំឱ្យធ្វើការស្ទើតែគ្មានពេលសម្រាក ពុំមានសិទ្ធជួបជុំគ្រួសារ ហូបឆ្អែត គេងស្រួល កុំថាឡើយដល់សិទ្ធក្នុងការគោរពប្រតិបត្តិសាសនា។ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧មករា ប្រជាពលរដ្ឋបានទទួលសិទ្ធគ្រប់បែបយ៉ាងត្រឡប់មកវិញ ហើយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងនាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេស និងកសាង អភិវឌ្ឍន៍ប្រទេសតាំងពីបាតដៃទទេរហូតមានអ្វីៗដូចសព្វថ្ងៃនេះ ហើយសមិទ្ធផលនានាដែលសម្ពោធនៅពេលនេះគឺជាផ្លែផ្កានៃសន្តិភាពដែលកើតចេញពីនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

ទន្ទឹមនឹងនោះឯកឧត្តមកិត្តនីតិកោសលបណ្ឌិតឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះដើម្បីបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍ជឿនលឿនទៅមុខបន្ថែមទៀត។