ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការងារជីកប្រឡាយជើងក្អែប


ព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០១៨ លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក និងជាប្រធានគ្រប់គ្រងគម្រោងប្រឡាយជើងក្អែប ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការងារជីកប្រឡាយជើងក្អែប នៅប្រពន្ធ័ធារាសាស្រ្ត ចុងកាល់ ស្ថិតក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក្រោមគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ជនបទ និងការគាំទ្រកសិករ ។

សូមជម្រាបផងដែរថា ចាប់ពីឆ្នាំ ២០១៨ នេះតទៅ រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍ ឱ្យក្រសួងធនធានទឹក និងឧតុុនិយម សាងសង់បន្ថែមនូវប្រឡាយជើងក្អែប (ប្រឡាយបង្ហូរទឹកតូចៗ) ដើម្បីនាំទឹកពីប្រឡាយមេ ឬប្រឡាយរងនានា ឱ្យចូលដល់ស្រែប្រជាកសិករតែម្តង ។ ការសាងសង់នេះ គឺត្រូវអនុវត្តដោយពលកម្មរបស់ប្រជាកសិករផ្ទាល់ ។ ការអនុវត្តការងាររបៀបនេះ គឺរាជរដ្ឋាភិបាល មានបំណងឱ្យបងប្អូនប្រជាកសិករ បានទទួលទាំងទឹកចូលដល់ស្រែផង និងបានទទួលទាំងថវិកាតាមរយៈការបញ្ចេញកម្លាំងពលកម្ម ចូលរួមក្នុងការជីកប្រឡាយជើងក្អែបនេះផង ។