ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី អនុញ្ញាតឲ្យក្រុមកុមារជ័យលាភីលេខ១ កម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារឆ្នាំ២០១៨ ពានរង្វាន់ក្រសួងព័ត៌មាន ចូលជួបសម្តែងការគួរសម


នៅសាលប្រជុំសាលាខេត្តរតនគិរី នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី អនុញ្ញាតឲ្យក្រុមកុមារមកពីមជ្ឈមណ្ឌលគ្រូយើងដែលទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារឆ្នាំ២០១៨ ពានរង្វាន់ក្រសួងព័ត៌មាន និងលោកគ្រូ អ្នក គ្រូ មាតាបិតាសិស្ស ចូលជួបសម្តែងការគួរសម និងថ្លែង អំណរគុណ

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះកុមារីទាំងអស់ ដែលមានភាពក្លាហានក្នុងការបញ្ចេញទេពកោសល្យ សម្ថតភាពដ៏ល្អនៅក្នុងមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មានក្នុងឆ្នាំ ២០១៨ រហូតទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ។ ជោគជ័យនេះក៏បានផ្តើមចេញពីការចូលរួមចំណែករបស់លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ដែលបានខិតខំបណ្តុះបណ្តាល អប់រំ កុមារឲ្យមានភាពក្លាហាន មានសីលធម៌ក្នុងការរស់នៅល្អ ហើយនេះគឺជាមោទនៈភាពសម្រាប់កុមារីផ្ទាល់ សម្រាប់ក្រុមគ្រួសារ សាលារៀន និងសម្រាប់ខេត្តផងដែរ បើទោះបីជាយើងស្ថិតនៅក្នុងខេត្តដាច់ស្រយ៉ាល តែយើងមានធនធានមនុស្សប្រកបដោយគុណភាព និងគុណសម្បត្តិ បានចូលរួមប្រកួត ប្រជែងរាល់គ្រប់កម្មវិធីផ្សេងៗ ។ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឲ្យមជ្ឈមណ្ឌលគ្រូយើង ក៏ដូចជាគ្រឹះស្ថានសិក្សាទាំងអស់ក្នុងខេត្ត យកចិត្តទុកដាក់ខិតខំបណ្តុះបណ្តាលធន ធានមនុស្សបន្ថែមទៀតលើផ្នែកសិល្បៈ និងគ្រប់ផ្នែកផ្សេង ដើម្បីយើងមានឱកាសបញ្ចេញនូវសមត្ថភាពរបស់យើង និងជាចំណែកមួយចូលរួមក្នុងការអភិវឌ្ឍសង្គម ។ ទន្ទឹមនឹងនេះត្រូវបណ្តុះបណ្តាល ហ្វឹកហាត់ក្រុមកុមារទាំងនេះបន្ថែមទៀត ដើម្បីឲ្យពួកគេទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ សម្រាប់ទៅថ្ងៃមុខពួកគេអាចយកចំណេះដឹងទាំងនេះធ្វើជាអាជីពកសាងអនាគតរបស់ពួកគេប្រកបដោយភាពជោគជ័យ ។

នាឱកាសនេះដែរ ឯកឧត្តមក៏បានជូនការដូរអនុស្សាវរីយ៍ដល់ក្មួយៗជ័យលាភីទាំង៥ នាក់ ដោយក្នុងម្នាក់ៗទទួលបានសម្ភារៈសិក្សា និងថវិកា ១០០ដុល្លារសហរដ្ឋអាមេរិក ៕