កូរ៉េផ្តល់ឧបករណ៏ចាប់មូស ៣០០គ្រឿង ដល់កម្ពុជា


Mos 08 07 16 2 copy

     អំពូលចាប់មូសចំនួន ៣០០គ្រឿង ត្រូវបានក្រុមហ៊ុនមួយនៅប្រទេសកូរ៉េ ប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជា យកទៅបែងចែកតាមមន្ទីរពេទ្យនានា ។ ការផ្តល់នេះត្រូវគេឃើញថា ក្នុងគ្រាដែលចំនួនមូសនារយៈចុងក្រោយមានការកើនឡើង។

     នាព្រឹកថ្ងៃទី៧ ខែកក្កដានេះ ឧបករណ៏ចាប់ មូស ៣០០គ្រឿង ជាអំណោយរបស់ក្រុមហ៊ុន SEOUL VIOSYS Co., Ltd. តាមរយៈ KOTRA នៃស្ថានទូតកូរ៉េ ប្រចាំនៅកម្ពុជា ត្រូវបានប្រគល់ជូនដល់ក្រសួងសុខាភិបាលតាមរយៈ ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង ដោយមានការអញ្ជើញចូលរួមពីអគ្គនាយក KOTRA Cambodia លោក Jon Mi Ho, អនុប្រធានក្រុមហ៊ុន SEOUL VIOSYS Co. Ltd. លោក Jong Man Kim និងអ្នកចូលរួមប្រមាណ ១៥០នាក់ ។

     KOTRA គឺជាស្ថាប័នរដ្ឋដែលបង្កើតឡើង ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ដែលរៀបចំដោយរដ្ឋាភិបាលកូរ៉េខាងត្បូង ។ ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះ KOTRA Cambodia និងក្រុមហ៊ុន SEOUL VIOSYS Co. Ltd. ដែលតែងតែមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ។  ឯកឧត្តមបានថ្លែងថា ការផលិត និងការផ្តល់នូវអំពូលចាប់មូសនេះ គឺជាផ្នែកមួយក្នុងការសម្លាប់មូស ដើម្បីឈានទៅទប់ស្កាត់ជំងឺគ្រុនឈាម គ្រុនចាញ់ជាដើម ដែលចំលងមកពីសត្វមូស ។ ឯកឧត្តមបានបន្តថា អំពូលចាប់មូសទាំងនោះ ត្រូវបានបែងចែកប្រើប្រាស់នៅតាមមន្ទីរពេទ្យបង្អែកនានា ដើម្បីកាត់បន្ថយមូសខាំនៅក្នុងមន្ទីរពេទ្យ ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ហ្សីកា និងជំងឺឆ្លងដោយសារមូសផ្សេងៗទៀត ប្រកបដោយប្រសិទ្ធភាព ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យកូរ៉េបន្តផ្តល់ជំនួនជាបន្ថែមទៀត ដូចជារថយន្តគិលានសង្គ្រោះ និងអំពូលចាប់មូសនេះ ដើម្បីប្រើប្រាស់នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ព្រោះមានការខ្វះខាតច្រើននៅឡើយ ។

     ភាគីកូរ៉េក៏បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលបានផ្តល់ការគាំទ្រ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយកូរ៉េ ហើយនឹងពិចារណាលើសំណើសុំខាងលើ ជាពិសេសនឹងជំរុញកិច្ចសហការ លើផ្នែកប្រយុទ្ធនឹងជំងឺអេដស៏បន្ថែមទៀត ។

     ឯកឧត្តមវិជ្ជបណ្ឌិត ម៉ម ប៊ុនហេង ក៏បានស្នើភាគីកូរ៉េ ជួយបណ្តុះបណ្តាលធនធានមនុស្ស ដល់មន្ត្រីសុខាភិបាលកម្ពុជាបន្ថែមទៀត ជាពិសេសសមន្ត្រីជាយុវជន ។

     គួរបញ្ជាក់ថា ស្ថានទូតកូរ៉េ តាមរយៈ Kotra កន្លងមកធ្លាប់បានផ្តល់អំណោយជារថយន្តសង្គ្រោះបន្ទាន់ចំនួន ២គ្រឿង និងម៉ាស៊ីនបាញ់ថ្នាំមូស ១៥គ្រឿង រួចមកហើយ ដល់ក្រសួងសុខាភិបាល ។

Mos 08 07 16 3 copy

Mos 08 07 16 4 copy