បងប្អូនត្រកូលហ៊ុន ប្រតិកម្មនឹង Global Witness


Global Withnes 08 07 16 2 copy Global Withnes 08 07 16 3 copy

     បុត្រាបុត្រី សម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មនឹងអង្គការ Global Witness ដែលចេញផ្សាយអត្ថបទ បង្ខូចកិត្តិយសគ្រួសារនាយករដ្ឋមន្ត្រី។ ក្នុងអត្ថបទចុះផ្សាយដោយកាសែតភ្នំពេញប៉ុស្ដិ៍ នៅព្រឹកថ្ងៃទី៧ ខែកក្កដានេះ មានចំណងជើងថា ៉អាណាចក្រជំនួញត្រកូលហ៊ុន ត្រូវបានលាតត្រដាងដោយ Global Witness៉ ។

     អត្ថបទបានសរសេរថា ក្រុមគ្រួសាររបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រមែប្រមូលទ្រព្យធនច្រើនសន្ធឹកសន្ធាប់ ជាមួយនឹងភាគហ៊ុន ក្នុងក្រុមហ៊ុនក្នុងស្រុកយ៉ាងហោចណាស់ចំនួន ១១៤ក្រុមហ៊ុន ក្នុងនោះ មានក្រុមហ៊ុនថាមពល ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុន រុករករ៉ែ និងក្រុមហ៊ុនពាណិជ្ជកម្ម ដែលភាគច្រើនក្នុងវិស័យសំខាន់ៗរបស់កម្ពុជា ។ នេះបើយោងតាមការស៊ើបអង្កេតមួយរបស់អង្គការ Global Witness ដែលបានចោទប្រកាន់ថា គ្រួសារត្រកូលហ៊ុន បានបំពានច្បាប់ប្រទេស ដើម្បីកសាងអាណាចក្រជំនួញរបស់ខ្លួន ។

     ប្រតិកម្មទៅនឹងការចេញផ្សាយរបាយការណ៍នោះ កូនប្រុសច្បងសម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត លោកបណ្ឌិត ហ៊ុន ម៉ាណែត បានប្រតិកម្មនៅលើទំព័រ facebook របស់លោកថា លោកនៅចាំបានថា ប៉ុន្មានអាណត្តិហើយ អោយតែពេលជិតបោះឆ្នោត គឺជាពេលវេលាដែលអង្គការមួយឈ្មោះ Global Witness បង្កើតរឿងប្លែកៗ ឬប្រធានបទដដែលៗ ដើម្បីចោទប្រកាន់ និងវាយប្រហារមកលើរាជរដ្ឋាភិបាល ជាពិសេសលើឪពុករបស់លោកតែម្តង ។ ហើយលើកនេះ ក៏មិនមានអ្វីថ្មីដែរ.. គ្រាន់តែខុសត្រង់ថា តាមរយៈការផ្សាយអត្ថបទតែមួយជួនគ្នា (បង្ហាញពីការសហការគ្នាដ៏ល្អក្នុងរឿងនេះ) រវាង Phnom Penh Post និង Cambodia Daily លើកនេះ គឺមិនត្រឹមវ៉ៃតែឪពុករបស់លោកនោះទេ គឺគេបានបង្កើតរឿងវ៉ៃទាំងគ្រួសារតែម្តង ពោលគឺមិនអោយរួចខ្លួនម្នាក់ណាឡើយ ។

     ចំណែកបុត្រីរបស់សម្ដេចតេជោ លោកស្រី ហ៊ុន ម៉ាណា បានសរសេរប្រតិកម្ម នៅលើទំព័រ facebook របស់លោកស្រីថា លោកស្រីសូមអរគុណ ចំពោះ Global Witness ដែលបានចំណាយពេលយ៉ាងច្រើន ដើម្បីស្រាវជ្រាវពីក្រុមគ្រួសារត្រកូលហ៊ុន ។ លោកស្រីបានសរសេរថា លោកស្រីបានដឹងយ៉ាងច្បាស់ថា ពួកអ្នកចង់បានអ្វីពីគ្រួសាររបស់លោកស្រី  គឺឲ្យតែជិតដល់ពេលបោះឆ្នោតម្តងៗ ពួកអ្នកតែងតែ ធ្វើរឿងបែបនេះ ក្នុងគោលដៅបំផ្លាញ ឪពុករបស់លោកស្រី តែលោកស្រីនិងគ្រួសារ គួរតែអរគុណដល់អស់លោក លោកស្រី ដែលបានជួយដល់ឳពុក របស់លោកស្រី ឲ្យឈ្នះឆ្នោតគ្រប់អាណត្តិ ព្រោះតែការភូតភរ ការប្រមាថរបស់លោកអ្នក ធ្វើអោយអ្នកបោះឆ្នោតកាន់តែមានការទុកចិត្ត និង បោះឆ្នោតជូនឪពុកលោកស្រីថែមទៀត ។ លោកស្រីបានសរសេរថា លោកស្រី ក៏សូមកោតសសើរផងដែរដល់ភ្នំពេញប៉ុស្ដិ៍ និង Cambodia Daily ដែលបានចេញផ្សាយព័ត៏មាននេះ ក្នុងពេល និងថ្ងៃតែមួយ ដែលបង្ហាញឲ្យឃើញថា មានកិច្ចសហការដ៏ល្អរ វាងសារពត៏មានទាំងពីរជាមួយ Global Witness ដើម្បីបំផ្លាញដល់កិត្តិយសគ្រួសារត្រកូលហ៊ុន សូមអស់លោក លោកស្រី បន្តកិច្ចការបែបនេះតទៅទៀតចុះប្រសិនគ្មានការងារធ្វើ) ៕