អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី៦៩ នៃទិវាកុមារអន្តរជាតិ​ ១ មិថុនា និង​ខួបលើកទី១៧​ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា នៅបរិវេណវិទ្យាល័យបាកាន


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ បានផ្តាំផ្ញើដល់សិស្សានុសិស្សថា «មិនត្រូវធ្វើជាគ្រាប់គ្រួសលើជើងពានមាសនោះទេ ប៉ុន្តែត្រូវខិតខំប្រែក្លាយខ្លួន ឲ្យទៅជាគ្រាប់ពេជ្រលើជើងពានមាសទើបសាកសម ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ»។

ឯកឧត្តម ម៉ៅ ធនិន បានផ្តាំផ្ញើបែបនេះ ក្នុងខួបលើកទី៦៩ នៃទិវាកុមារអន្តរជាតិ​ ១ មិថុនា និង​ខួបលើកទី១៧​ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា នៅបរិវេណវិទ្យាល័យបាកាន ដោយមានការចូលរួមពី លោកជំទាវ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ក្រុមប្រឹក្សាខេត្ត លោក-លោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងសិស្សានុសិស្ស ប្រមាណជិត២០០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រគល់វត្ថុអនុស្សារីយ៍ ជាសារុងម្នាក់១ ដល់លោកគ្រូ អ្នកគ្រូ ចំនួន១២៨នាក់, ចែកសម្ភារៈសិក្សាម្នាក់មួយកញ្ចប់ ដល់សិស្សានុសិស្ស ចំនួន២០១៦នាក់, ​ឧបត្ថម្ភដល់សិស្ស ២នាក់ ​ដែលបានគូរូបភាពឯកឧត្តមដោយផ្ទាល់ដៃ ចំនួន៣០ម៉ឺនរៀល និងឧបត្ថម្ភការសាងសង់ រោងអាហារពេលព្រឹកសម្រាប់សិស្សានុសិស្ស ក្នុងសាលាបឋមសិក្សាទួលលៀប ចំនួន១ពាន់ដុល្លារ​ផងដែរ៕