ឯកឧត្តម កែ គឹមយ៉ាន ចូលរួមសម្ពោធស្រះទឹកអំណោយ សម្តេចតេជោ ហ៊ុន សែន នៅស្រុកថ្មពួក


ស្រះទឹកទាំង៦កន្លែង ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូន ដល់ប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធ ដាក់ឱ្យ ប្រើប្រាស់ជាផ្លូវហើយ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន។
ថ្លែងក្នុងពិធីសម្ពោធនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវការ ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹករបស់សម្តេចតេជានិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។
ឯកឧត្តមបានមានប្រសាសន៍ទៀតថា ជានិច្ចកាលសម្តេច តែងតែបានគិតគូរដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទៅ កសាងនូវហេដ្ឋារចនាសម័្ពន្ធ ផ្លូវថ្នល់ ស្ពាន ទឹក ភ្លើងសាលារៀន មន្ទីរទេព្យ វត្តអារាម ជាច្រើនឥតគណនា។
ជាក់ស្តែងស្រះទឹកទាំង៦នេះ គឺជាចំណងដៃបន្ថែមពីលើសមិទ្ធផលជាច្រើនរាប់មិនអស់ របស់សម្តេច តេជោ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ យើងពិសេស នៅជនបទ។
ឯកឧត្តមបានឱ្យដឹងទៀតថា ស្រះទឹកទំហំធំទាំង៦នេះ ស្រះខ្លះមានទំហំ (២០០គុណ១០០)ម៉ែត្រ និងស្រះខ្លះទំហំ(៥០គុណ៦០)ម៉ែត្រ ត្រូវបានផ្តល់ ជូនដល់ប្រជាពលរដ្ឋ ស្រុកថ្មពួកក្នុងឱកាស ដែលសម្តេចតេជោ អញ្ជើញសម្ពោធដាក់ ប្រើប្រាស់ផ្លូវជាតិលេខ៥៦ ពីខេត្តបន្ទាយមានជ័យ ទៅកាន់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០១៦នេះ តាមសំណើរបស់ប្រជាពលរដ្ឋ សម្រាប់ស្តុបទឹកទុកប្រើប្រាស់នៅរដូវប្រាំង ដែលតំបន់នេះ តែងទទួលរងនូវការខ្វះទឹកនោះ។
ស្រះទឹកទាំង៦នេះមាននៅក្នុងភូមិបន្ទាយឆ្មារត្បូង,ភូមិកាប់ចោរ,ភូមិតាយឹង,ភូមិព្រៃវែង,ភូមិថ្មីនិងភូមិ ថ្មរមៀល។
ឯកឧត្តមបានធ្វើការក្រើនរម្លឹកដល់អាជ្ញាធរដែនដី រួមជាមួយប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សា នូវសមិទ្ធផលដែលបានកើតឡើង នៅក្នុង មូលដ្ឋានឱ្យបានគង់វង្ស ដើម្បីធានាការប្រើប្រាស់បាន យូរអង្វែង។ ឯកឧត្តមបានជំរុញដល់អាជ្ញាធរដែនដីសមត្ថកិច្ចគ្រប់ លំដាប់ត្រូវតែពង្រឹង ថែរក្សាការពារ សន្តិសុខនៅព្រំដែនដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ត្រូវបង្កើនទំនាក់ទំនងល្អជាមួយប្រទេស ជិតខាង។ យកចិត្តទុកដាក់ ពង្រឹងសន្តិសុខសណ្តាប់សង្គមក្នុងនោះត្រូវផ្តោតសំខាន់ជំរុញការចូលរួម អនុវត្តន៍ នូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធ ភាពថែមទៀតដើម្បីរក្សា ស្ថិរភាពសន្តិសុខរស់នៅប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែយកគិតទុកដាក់ គិតគួរជានិច្ច ដល់ប្រជាពលរដ្ឋគ្រប់ ពេលវេលា គ្រប់ទីកន្លែង ពិសេសប្រជាពលរដ្ឋជួបបញ្ហាប្រឈម ខ្វះខាតនានា។ ជាក់ស្តែងតាមរយៈស្រះ ទឹកទាំងអស់នេះ បានជួយសម្រួលនិងដោះស្រាយ បញ្ហា និងតម្រូវការរបស់ប្រជាពលរដ្ឋ កំពុងខ្វះខាតទឹកប្រើប្រាស់ឆ្នាំនេះ និងវាអាចជួយធានា ដល់ការប្រើប្រាស់នាពេល អនាគតដ៏យូរអង្វែងរបស់ប្រជាពលរដ្ឋថែមទៀតផង។
នៅក្នុងឱកាសនេះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន និងជំទាវក៏បានចែកជូនអំណោយ មានសារុង និងថវិកាដល់តាជីយាយជីលោកគ្រូ អ្នកគ្រូសិស្សប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធដែលបាន ចូលរួមក្នុងពិធីនេះនិងអង្គភាពនានាហើយក៏បានចូលរួមដាំកូនឈើ នៅក្នុងតំបន់ នេះផងដែរ៕

Ke Kimyan 12-7-2016 (1)

Ke Kimyan 12-7-2016 (3)

Ke Kimyan 12-7-2016 (4)