សម្តេចតេជោ ហ៊ុន សែន ចួលរួមកិច្ចប្រជុំនៅម៉ុងហ្គោលី


20160712-110938 copy

     នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១១ the 11th ASEM Summit នៅប្រទេសម៉ុងហ្គោលី ។

     សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១១ the 11th ASEM Summit នឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៦ នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី តបតាមការអញ្ជើញរបស់ ឯកឧត្តម ត្សាឃីអាហ្គីន អ៊ែលប៊េឌូរ្ស (Tsakhiagin Elbegdorj) ប្រធានាធិបតីម៉ុងហ្គោលី ។

     ភាពជាដៃគូសម្រាប់អនាគតតាមរយៈការតភ្ជាប់ កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១១ នឹងពិភាក្សាលើបញ្ហាសំខាន់ៗ ក្រោមប្រធានបទរយៈពេល ២០ឆ្នាំ នៃកិច្ចប្រជុំអាស៊ី អឺរ៉ុប រួមមានការវាយតម្លៃលើបទពិសោធន៍របស់ ASEM ក្នុងរយៈពេល ២០ឆ្នាំកន្លងមក ការកសាងការតភ្ជាប់ផ្នែករឹង និងទន់រវាងអាស៊ី អឺរ៉ុប ទិសដៅអនាគតរបស់ ASEM បំរែបំរួលអាកាសធាតុ ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងប្រព័ន្ធពហុពាណិកម្ម ការកាត់បន្ថយ និងការគ្រប់គ្រងហានីភ័យគ្រោះធម្មជាតិ សន្តិសុខថាមពល សន្តិសុខស្បៀង ការគ្រប់គ្រងទឹក ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ។

     កិច្ចប្រជុំកំពូលគ្រោងនឹងអនុម័តលើឯកសារ ស្តីពីលទ្ធផលកិច្ចប្រជុំសំខាន់ពីរគឺៈ សេចក្តីប្រកាសអ៊ូឡង់បាទ័រ (The Ulaanbaatar Declaration) និងសេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំ ។ ក្រៅពីកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន នឹងជួបទ្វេភាគីជាមួយ ឯកឧត្តម លឺ ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ីន ហ្សូអាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុន និង លោកជំទាវ ប៉ាក គឿនហេ (Park Geun hye) ប្រធានាធិបតីនៃសាធារណៈរដ្ឋកូរ៉េ ។