បារាំងចូលរួមរំលែកទុក្ខសព លោក កែម ឡី


France 13 07 16 2 copy

     ក្រសួងការបរទេសបារាំង បានធ្វើលិខិតមួយចូលរួមរំលែកទុក្ខសព លោក កែម ឡី និងបានអំពាវនាវឱ្យមានការស៊ើបអង្កេតច្បាស់លាស់ លើការបាញ់សម្លាប់នេះ ។ ក្រសួងការបរទេសបារាំងដដែល បានសរសេរកាលពីថ្ងៃច័ន្ទកន្លងមកនេះថា គេមានក្តីរន្ធត់ជាខ្លាំង នៅពេលបានទទួលដំណឹងឃាតកម្ម លើអ្នកវិភាគនយោបាយលោក កែម ឡី នេះ ។

     លោក កែម ឡី ត្រូវបានបាញ់សម្លាប់កាលពីព្រឹកថ្ងៃអាទិត្យ ដោយឃាតករម្នាក់ ជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ដែលព្យាយាមលាក់បាំងប្រវត្តិរបស់ខ្លួន ដោយក្លែងអត្តសញ្ញាណថាឈ្មោះ «ជួប សម្លាប់» មកពីស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងមានមុខរបរជាជាងបាញ់ថ្នាំនៅប្រទេស ថៃ ។ ជនសង្ស័យក្លែងថា ការបាញ់សម្លាប់លើរូប លោក កែម ឡី គឺដោយសាររឿងលុយ ៣ពាន់ដុល្លារ ។

     ប៉ុន្តែក្រោយការស៊ើបអង្កេត ជាច្រើនម៉ោង បន្ទាប់ពីនោះមក អាជ្ញាធរបានរកឃើញថា ជនសង្ស័យជាឃាតករ មានឈ្មោះហៅថា អឿត អាង អាយុ ៣៨ឆ្នាំ គឺជាអ្នកស្រុករស់នៅភូមិទន្លេសរ… ឃុំនគរភាស… ស្រុក អង្គរជុំ ខេត្តសៀមរាប… ធ្លាប់បួសជាសង្ឃ… និងធ្លាប់ជាបុគ្គលិកអង្គការបរិស្ថាន និងអភិវឌ្ឍន៍ នៃអង្គការក្រៅរដ្ឋាភិបាលអិបដូ ។ ជនសង្ស័យ អឿត អាង នេះ ត្រូវគេរកឃើញថា គឺជាសកម្មជនគណបក្សសង្គ្រោះជាតិ ក្នុងខេត្តសៀមរាប ៕