ជំនួបសម្តែងការគួរសមពីសំណាក់ឯកឧត្ដមឯកអគ្គរាជទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា


ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្ដីការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួរសមពីសំណាក់ឯកឧត្ដមឯកអគ្គរាជទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដែលបានមកបំពេញការងាររបស់ខ្លួនអស់រយៈពេលប្រមាណប្រាំមួយខែកន្លងមក។

ក្នុងជំនួបសម្តែងការគួរសមនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ព្រះរាជាណាចក្រថៃ ដែលបានផ្តល់ជំនួយឥតសំណងក្នុងគម្រោងស្ពានស្ទឹងបត់ ក្បាលទូររថភ្លើង និងការសិក្សាលើផែនការមេភស្តុភារកម្មដែលក្រសួងបានបញ្ជូនមន្រ្តីទៅសិក្សានៅប្រទេសថៃ។

លើសពីនេះទៀតឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានជម្រាបជូនឯកឧត្ដមឯកអគ្គរាជទូតថៃអំពីស្ថានភាពនៃការតភ្ជាប់ផ្លូវដែកពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែតដែលនឹងត្រូវបញ្ចប់នៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហើយសង្ឃឹមថានឹងអាចតភ្ជាប់ផ្លូវដែករវាងផ្លូវដែកកម្ពុជា និងផ្លូវដែកថៃនាពេលឆាប់ៗខាងមុខនេះដើម្បីឆ្លើយតបទៅនឹងគោលនយោបាយអាស៊ានអំពីការតភ្ជាប់។

ឯកឧត្ដមឯកអគ្គរាជទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្ដមទេសរដ្ឋមន្ត្រីដែលបានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលថៃក្នុងវិស័យហេដ្ឋារចនាផ្លូវថ្នល់ និងបានសម្តែងការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជាដោយមានការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីនិងឯកឧត្ដមឯកអគ្គរាជទូតថៃបានឯកភាពលើការអញ្ជើញនាយករដ្ឋមន្ត្រីនៃ ប្រទេសទាំងពីរដើម្បីចុះពិនិត្យមើលស្ថានភាពផ្លូវដែក ដើម្បីជានិមិត្តរូបនៃការតភ្ជាប់ផ្លូវរថភ្លើងរវាងប្រទេសទាំងពីរផងដែរ។