ចិនសន្យាផ្តល់ឧបករណ៍បរិក្ខា និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា លើការពង្រឹងវិស័យសន្តិសុខជាតិ ។ ការសន្យានេះ គឺធ្វើឡើងក្នុងគ្រាដែល រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិរបស់ចិន លោក Geng Hui Chaug បានទទួលការអនុញ្ញាតិឲ្យចូលជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៦ នៅវិមានសន្តិភាព ។
ក្នុងជំនួបពិភក្សា ភាគីចិនបានសន្យានឹងបន្តជួយកម្ពុជា ដោយផ្តល់នូវគ្រឿងបរិក្ខាបច្ចេកទេស សំរាប់វិស័យសន្តិសុខ ហើយចិនក៏នឹងជួយកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស អំពីការប្រើប្រាស់គ្រឿងបរិក្ខាទាំងអស់នេះផងដែរ ។
ក្នុងនោះក៏បានលើកឡើងអំពីជំនួបដែល លោក Geng Hui Chaug បានជួបពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង, ឯកឧត្តម នេត្រ សាវឿន អំពីកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ ការស៊ើបអង្កេត ការផ្លាស់ប្តូរព័ត៌មាន ការប្រយុទ្ធប្រឆាំងអំពើភេវកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាជាដើម ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការពេញចិត្ត និងគាំទ្ររាល់កិច្ចពិភាក្សាទាំងឡាយ ជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ។ ទន្ទឹមនឹងនេះ សម្តេចបានថ្លែងអំណរគុណដល់ភាគីចិន ដែលបានផ្តល់បរិក្ខា និងការបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា ។ ទាំងនេះ គឺដោយសារភាគីចិនមានសមត្ថភាព និងលទ្ធភាពច្រើន ក្នុងការជួយដល់កម្ពុជាលើវិស័យសន្តិសុខនេះ ។
សូមជម្រាបថា កាលពីម្សិលមិញ នាយកដ្ឋានមន្ត្រីកម្ពុជាបាន អំពាវនាវឲ្យបើកយុទ្ធនាការទ្រង់ទ្រាយធំមួយដើម្បីពង្រឹងសន្តិសុខឡើងវិញ ។ ការអំពាវនាវនេះ ធ្វើឡើងក្នុងគ្រាដែលមានការបាញ់ប្រហារ អ្នកនយោបាយ លោកបណ្ឌិត កែម ឡី និងព្រឹត្តិការណ៍ដែលកើតមាន អំពើហិង្សានានាក្នុងប្រទេស រួមទាំងព្រឹត្តិការណ៍នៅលើពិភពលោក ។