CPP៖មិនចាំបាច់បង្កើតគណៈកម្មការ ស៊ើបអង្កេតបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ព្រោះសមត្ថកិច្ចចេះដោះស្រាយហើយ


ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជាពុំមាន ភាពចាំបាច់ដើម្បី ពិភាក្សាជាមួយ គណបក្សសង្រ្គោះជាតិ ដោះស្រាយរឿងលាភពណ៌នោះទេ ដោយសារតែ គណបក្សប្រជាជនកម្ពុជា មិនបាននិយាយលាបពណ៌ឱ្យគណបក្សប្រឆាំង រឿងនៅពីក្រោយខ្នងអំពើឃាតកម្មលើ លោកបណ្ឌិត កែម ឡី ដូចមេបក្សប្រឆាំងនោះឡើយ។
ឯកឧត្តម សុខ ឥសាន បានបន្តថ្លែងថា ការស៊ើបអង្កេតលើករណីឃាតកម្ម ទៅលើ លោកបណ្ឌិត កែម ឡី គឺជាតួនាទី និងភារកិច្ចរបស់សមត្ថកិច្ច ជំនាញ  ដូច្នេះគណបក្សមិនគួរលូកដៃឡើយ។ ឯកឧត្តមបន្តថា កន្លងមកគណបក្សប្រជាជនកម្ពុជា ពុំបានចោទប្រកាន់គណបក្សណាមួយថា នៅពីក្រោយឃាតកម្មនេះឡើយ ដោយសារតែលទ្ធផល នៃការស៊ើបអង្កេតមិនទាន់ត្រូវបានបង្ហាញ។
ការអះអាងរបស់ ឯកឧត្តម សុខ ឥសាន បែបនេះ បានធ្វើឡើងបន្ទាប់ពី មន្រ្តីគណបក្សសង្រ្គោះជាតិ អំពាវនាវឱ្យមានការជួបគ្នា រវាងគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដើម្បីដោះស្រាយ គ្នាទៅលើ ការនិយាយលាបពណ៌ ក្រោយមានឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គម ដ៏ល្បីល្បាញនៅកម្ពុជា។