មន្ត្រីការបរទេសអាមេរិកមកកម្ពុជា ស្របពេលមានឃាតកម្ម កែម ឡី


     ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីបញ្ជាក់ពីសារៈសំខាន់នៃសិទ្ធិមនុស្ស និងពិភាក្សាពីសារៈសំខាន់នៃការបោះឆ្នោត ដែលមានភាពសេរីនឹងយុត្តិធម៌ នៅកម្ពុជា ។ ការធ្វើដំណើរទស្សនកិច្ចរបស់មន្ត្រីការបរទេសអាមេរិក នេះធ្វើឡើងក្នុងគ្រាដែលមានស្ថានការទើបបាញ់ប្រហារអ្នកវិភាគនយោបាយ លោក កែម ឡី និងការចុះឈ្មោះបោះឆ្នោត ឃុំសង្កាត់នៅកម្ពុជា នឹងចាប់ផ្តើមនាពេលខាងមុខ ។

     សេចក្តីប្រកាសព៍ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានអោយដឹងថា ឧបការីរដ្ឋមន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងការងារ (DRL) លោក Tom Malinowski នឹងធ្វើទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី ១៨ និង ១៩ ខែកក្កដា ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃសិទ្ធិមនុស្ស នៅក្នុងទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ។

     នៅថ្ងៃទី ១៨ កក្កដា លោកឧបការីរដ្ឋមន្រ្តី Malinowski នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាលសមាជិក នៃគណបក្សប្រឆាំង ក្រុមសង្គមស៊ីវិលក្នុងស្រុក និងតំណាងទីភ្នាក់ងារអន្តរជាតិ ដើម្បីពិភាក្សាពីសារៈសំខាន់នៃការបោះឆ្នោត ដែលមានភាពសេរីនិងយុត្តិធម៌ នៅកម្ពុជា ។ លោកក៏នឹងរំលឹកអោយកម្ពុជា លើកកំពស់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ហើយធានាការការពារអង្គការសិទ្ធិមនុស្ស ។ លោកឧបការីរដ្ឋមន្ត្រីនឹង ទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដើម្បីស្វែងយល់បន្ថែមទៀត ពីប្រវត្តិសាស្រ្តនៃអតីតពន្ធនាគារ និងមជ្ឈមណ្ឌលសួរចំលើយនេះ ។

     នៅថ្ងៃទី១៩ ខែកក្កដា លោកឧបការីរដ្ឋមន្ត្រី Malinowski នឹងចូលរួមនៅក្នុងការសំណេះសំណាល ជាមួយយុវជនកម្ពុជា លើប្រធានបទនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក ។ ពិធីនេះនឹងប្រព្រឹត្តទៅនៅបណ្ណាល័យនៃស្ថានទូតអាមេរិក នៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្ត ក្នុងបរិវេណខាងត្បូង ហើយអ្នកចូលរួមមានសមាជិក នៃក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូរអាមេរិក សមាជិកនៃកម្មវិធីរបស់លោកប្រធានាធិបតី Obama ដែលមានឈ្មោះថា គំនិតផ្តួចផ្តើមស្តីពីមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ (YSEALI) ដែលមានបំណងពង្រឹងការអភិវឌ្ឍ ភាពជាអ្នកដឹកនាំ នឹងការទំនាក់ទំនងគ្នាជាបណ្តាញនៅក្នុងចំណោមយុវជននៅអាស៊ីអាគ្នេយ៍ ។