ល្បែងអុកនយោបាយ


Ouk_khmer

     ការប្រកួតអុករវាង CPP និង CNRP ស្ទើរតែរកឃើញអ្នកឈ្នះ អ្នកចាញ់ទៅហើយ ។ ក្រឡាអុក CNRP កំពុងតែសុញ ងាប់ក្រឡាស្តូក រើខ្លួនមិនរួច ខណៈក្រឡាអុក CPP ឥតខ្វល់ និងកំពុងតែមានប្រៀបយ៉ាងខ្លាំង ។

     អុកមួយក្តានេះ CNRP ត្រូវលួសត្រីបកមួយ និងសូកទូកដ៏ល្អមួយឱ្យទៅ CPP ដើម្បីរំដោះស្តេចចេញពីអង្គ ។ ឃាតករឈ្មោះ ជួប សម្លាប់ គ្រាន់តែឮឈ្មោះ ក៏ធ្វើឱ្យយើងភ័យតក់ស្លុតរួចទៅហើយ គេគឺជាត្រីបកអត្តឃាតទទួលបញ្ជាពីថ្នាក់លើ ឱ្យទៅកម្ចាត់ទូកបម្រើដ៏ល្អ លោក កែម ឡី ដើម្បីឱ្យ CPP ដកទូកចេញពីអង្គ កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងបន្ទាយដ៏តូចរបស់ខ្លួន ។

     គួររំលឹកថា មុនការប្រកួតឈានចូលដល់តំណាក់កាលនេះ CNRP បានបែងក្រឡាសេះ លោក ហុង សុខហួរ ឱ្យចូលក្នុងដែនសីម៉ារបស់ CPP ដោយចោទថា CPP បានរំលាយព្រំដែនគោកជាមួយវៀតណាមរួចទៅហើយ រហូតធ្វើឱ្យអ្នកឃ្លាំមើលការប្រកួតទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិយល់ច្រឡំ និងទាមទារឱ្យរាជរដ្ឋាភិបាលបង្ហាញផែនទីប្រើប្រាស់នាពេលបច្ចុប្បន្នជាសាធារណៈ ។ មិនតែប៉ុណ្ណោះ CNRP នូវបានរុញសេះជំនិតខ្លួនមួយទៀត គឺលោក អ៊ុំ សំអាន ឱ្យកាន់ផែនទីផ្តេសផ្តាស់ ចូលទៅចង្អុលថាកន្លែងនេះ កន្លែងនោះ គឺជាដែនដីរបស់ខ្លួន ។

     ក្នុងគោលបំណងរក្សាសុខសន្តិភាព ចៀសវាងបង្កសង្រ្គាមជាមួយប្រទេសជិតខាង CPP បង្ខំចិត្តត្រូវតែស្ទាក់ចាប់សេះជំនិតទាំងពីរនេះ ដាក់ក្នុងក្រោល រួចបន្តដើរតាមក្រឡាផែនទីដែលបន្សល់ទុក តាំងពីជំនាន់អាណានិគមនិយមបារាំងមក ។

     សរុបមក កូនអុកល្អៗរបស់ CNRP បានជាប់អន្ទាក់អស់ទៅហើយ នៅសល់តែអង្គរក្សតូចតាច នៅចងមុងការពារស្តេចក្នុងបន្ទាយដ៏តូចចង្អៀតមួយនេះ ។ ស្តេចអង្គនេះ កំពុងតែទាល់ច្រក អំពាវនាវរកបរទេសឱ្យជួយផង និងអំពាវនាវរកការចរចាជាមួយ CPP ផង ។ ទោះជាយ៉ាងណា CPP មិនបានចិត្តទន់ទេ ក្នុងនាមជាអ្នកកីឡាត្រូវហ៊ានប្រកួតដោយបើកចំហរ និងយុត្តិធម៌ ឈរលើមូលដ្ឋានច្បាប់ និងរដ្ឋធម្មនុញ្ញជាធំ ។ ចិត្តជាអ្នកកីឡា CPP ហ៊ានស៊ី ហ៊ានសង ហ៊ានទទួលខុសត្រូវ មិនដូច CNRP លេងចាញ់គេឡាំប៉ា ចិត្តមិនស្ងប់មិនមែនជាអ្នកកីឡាសោះ ។

          ទស្សនមិត្តអ្នកនយោបាយ