ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ថ្កោលទោសក្រសួងរតនាគារ អាមេរិកចោទប្រកាន់លោក ហ៊ីង ប៊ុនហៀង ដោយគ្មានមូលដ្ឋាន


ភ្នំពេញ៖ ខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្កោលទោសចំពោះក្រសួងរតនាគារ សហរដ្ឋអាមេរិក ដែលចោទប្រកាន់នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្សរបស់សម្តេចតេជោថា រំលោភសិទ្ធិមនុស្ស ព្រមទាំងបង្កកទ្រព្យសម្បត្តិ របស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ទៀត ។
យោងតាមសេចក្ដីថ្លែងការណ៍ របស់ខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១៣ មិថុនានេះ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក បានចេញនូវសេចក្តីសម្រេច មួយដាក់ពហិកាមកលើរូប នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្សរបស់សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដោយចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស ហើយអាមេរិក នឹងមិនផ្តល់ទិដ្ឋាការឱ្យចូលទៅកាន់ សហរដ្ឋអាមេរិក ព្រមទាំងបង្កកទ្រព្យសម្បត្តិរបស់ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ទៀត។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា “ខុទ្ទកាល័យរបស់សម្តេចនាយករដ្ឋមន្ត្រី សូមធ្វើការថ្កោលទោសចំពោះ វិធានការរបស់អាមេរិកនេះ ដែលធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន មកលើរូប នាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង ថែមជាអ្នកប្រតិបត្តិច្បាប់ដ៏ហ្មត់ចត់ និងជាអ្នកអនុវត្តន៍កាតព្វកិច្ចដ៏ថ្លៃថ្នូរ នៅក្នុងការការពារស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមកម្ពុជា ដែលស្ថានភាពនេះកំពុងតែ រីកចម្រើនជាទីគាប់ប្រសើរ” ។
សេចក្ដីថ្លែងការបន្តថា អ្វីដែលអាមេរិកធ្វើនេះ គឺជាការបំពានអធិបតេយ្យ នៃប្រទេសឯករាជ្យមួយ ដែលពុំស្ថិតនៅក្រោមច្បាប់របស់ សហរដ្ឋអាមេរិកឡើយ ។ ហើយម្យ៉ាងទៀត គួរតែសួរទៅអាមេរិកវិញដែរថា ចុះការដែលកងទ័ពអាមេរិក មកសម្លាប់ជនជាតិកម្ពុជា រាប់លាននាក់កាលពីទសវត្សឆ្នាំ១៩៧០ ដែលគ្រាប់បែកនៅតែរកឃើញរហូតមកដល់សព្វថ្ងៃនោះ តើនេះមិនមែនជាការរំលោភសិទ្ធិមនុស្ស ពីសំណាក់អាមេរិកទេឬ។
ជាមួយគ្នានោះខុទ្ទកាល័យ នាយករដ្ឋមន្ត្រី ក៏បានរិះគន់ដោយត្រង់ៗ ចំពោះវិធានការដោយខ្វះវិចារណញ្ញាណ និងជាអំពើបំពានទាំងកម្រោង ឥតអៀនខ្មាសរបស់ សហរដ្ឋអាមេរិក ៕