អភិបាលខេត្តពោធិ៍សាត់ បានផ្តាំផ្ញើទៅដល់ក្មួយៗកម្មករ-កម្មការិនី ត្រូវគោរពគោលការណ៍របស់ក្រុមហ៊ុន ត្រូវរួមសុខទុក្ខជាមួយគ្នាគ្រប់ពេលវេលា


អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានផ្តាំផ្ញើទៅដល់ក្មួយៗកម្មករ-កម្មការិនី ត្រូវគោរពគោលការណ៍របស់ក្រុមហ៊ុន ត្រូវរួមសុខទុក្ខជាមួយគ្នាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ត្រូវចាត់ទុកគ្នាជាបងជាប្អូនគ្រួសារតែមួយ និងត្រូវថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរយើងដ៏ល្អផូផង់ កុំឲ្យបរទេសឈ្លានពាន និងវាយតម្លៃ ជាពិសេសកុំជឿលើការឃោសនារបស់ជនខិលខូចមួយចំនួន។

ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើបែបនេះ ក្នុងឱកាសចុះជួបសំណេះសំណាល និងនាំយកអំណោយ ទៅចែកជូនកម្មករ-កម្មការិនី ចំនួន១៥៧នាក់ ជាលើកទី៤ ដែលបម្រើការងារក្នុង ក្រុមហ៊ុនចិញ្ចឹមស្វានាំចេញ វ៉ាន់នី បាយអូ រីស៊ើច ខេមបូឌា (Vanny Bio Reserch Cambodia) ស្ថិតក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ទីប្រឹក្សាក្រសួងមហាផ្ទៃ, សមាជិកក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, លោក ថម មី អគ្គនាយករងក្រុមហ៊ុន, ប្រធានមន្ទីរជំនាញ, កងកម្លាំងប្រដាប់អាវុធទាំង៣, អាជ្ញាធរក្រុង, ចៅសង្កាត់ និងបងប្អូនកម្មករ-កម្មការិនី ជាច្រើនអ្នកទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានចែកជូនវត្ថុកំដរដៃ ដល់កម្មករ-កម្មការិនី ចំនួន១៥៧នាក់ ក្នុងម្នាក់ៗទទួលបានត្រីខ១កំប៉ុង សារុង១ និងអង្ករ១០គីឡូក្រាម។ ដោយឡែកកម្មការិនី ដែលមានផ្ទៃពោះឆ្លងទន្លេ និងត្រៀមឆ្លងទន្លេ ចំនួន៦នាក់ ក្នុងម្នាក់ៗទទួលបានការឧបត្ថម្ភបន្ថែម ជាសរុង៣ និងថវិកា១០ម៉ឺនរៀល និងបន្តចុះសម្របសម្រួលដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទៅតាមសំណូមពរ នៅសាលាខេត្តពោធិ៍សាត់៕