ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ធ ចាត់ទុកសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមេដឹកនាំប្រទេសម្នាក់ ស្ថិតនៅក្នុងលំដាប់លេខ១ ។ ការសរសើររបស់អតីតនាយករដ្ឋមន្ត្រីថៃនេះ ធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា នៅក្នុងបាងកក ប្រទេសថៃ។
នៅចំពោះមុខនាយករដ្ឋមន្ត្រីកម្ពុជា លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ធ បានបង្ហាញអារម្មណ៍ពេញចិត្តចំពោះការដឹកនាំសម្ដេច ហ៊ុន សែន កន្លងមកនេះ។ « (ខ្ញុំ)កោតសររសើរចំពោះការដឹកនាំរបស់សម្តេចដែលបានធ្វើឲ្យ ប្រទេសជាតិរីកចម្រើន គឺលេខ១តែម្តង»។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដែលបានស្រង់សម្ដីរបស់អតីតនាយករដ្ឋមន្ត្រីថៃ។
លោក ឆាវវ៉ាលីត បានបន្ថែមថា លោកត្រៀមខ្លួនជាស្រេចក្នុងជួយដោះស្រាយបញ្ហានានា បើសិនជានាយករដ្ឋមន្ត្រីកម្ពុជា ត្រូវការជំនួយពីលោកនោះ។
ដើម្បីឆ្លើយតបនឹងការសរសើរនេះ សម្តេច ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់លើកិច្ចការងាររបស់លោក ឆាវវ៉ាលីត ដែលបំពេញក្នុងនាមជាអតីតនាយករដ្ឋមន្ត្រីនិងតួនាទីសំខាន់ក្នុងប្រទេស ថៃកន្លងមកនេះ។ សម្ដេច ចាត់ទុកលោក ឆាវវ៉ាលីត គឺជាចំណែកដ៏សំខាន់មួយ ក្នុងការជួយសម្របសម្រួលកិច្ចការងារ ហើយឈានទៅរកការចរចារជាមួយគ្រប់ភាគីនយោបាយថៃ ដែលបានបញ្ចប់សង្គ្រាម និងនាំសន្តិភាពសម្រាប់ប្រទេសជាតិទាំងមូល។
គួរបញ្ជាក់ថា លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ធ ធ្លាប់កាន់តំណែងនាយករដ្ឋមន្ត្រីថៃ នៅឆ្នាំ១៩៩៦-១៩៩៧ តាមរយៈការទទួលបានសំឡេងគាំទ្រច្រើនពីប្រជាជនថៃ នៅគ្រាដែលលោកដឹកនាំគណបក្សក្តីសង្ឃឹមថ្ម៉ី (New Aspiration Party) ។ លោក ឆាវវ៉ាលីត បានលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ១៩៩៧ ទាំងបង្ខំចិត្ត ដោយសារបញ្ហាវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសថៃ ខណៈតំបន់អាស៊ីក៏ជួបបញ្ហាសេដ្ឋកិច្ចដែរ។ ក្រៅពីតួនាទីអតីតនាយករដ្ឋមន្ត្រីថៃ លោក ឆាវវ៉ាលីត ក៏ធ្លាប់កាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃជាដើម៕