“គម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកសាលាតាអន” ស្ថិតនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានប្រារព្ធពិធីក្រុងពលី បួងសួងសុំសេចក្តីសុខ និងសុវត្ថិភាពដល់ដំណើរការការដ្ឋានស្ថាបនា នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៨ នេះ ដោយមានចូលរួមពីមន្ត្រីជាន់ខ្ពស់តំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី និងប្រជាពលរដ្ឋសរុបប្រមាណ ៥០០ នាក់ ។
សូមជម្រាបជូនថា ការងារដែលត្រូវអនុវត្តនៅក្នុងគម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកសាលាតាអន មាន ៖ សាងសង់ប្រឡាយពង្វាងទឹកតាមមាត់ស្ទឹងសង្កែប្រវែង ២៥០ម៉ែត្រ សាងសង់សំណង់ទ្វារទឹកមេកាត់ស្ទឹងសង្កែប្រវែង ៧៤ម៉ែត្រ ចំនួន ១កន្លែង សាងសង់ប្រឡាយបេតុង ចំនួន ៤ខ្សែ ប្រវែង១៣,៧៨ គីឡូម៉ែត្រ សាងសង់សំណង់ទ្វារទឹក ចំនួន ១២កន្លែង សាងសង់សំណង់ស្ទាក់ទឹកប្រឡាយរង ចំនួន ២កន្លែងសាងសង់សំណង់លូចែកចាយទឹកប្រឡាយមេ ចំនួន ៨ កន្លែង សាងសង់ស្ពានឆ្លងកាត់ និងស្ពានថ្មើរជើងកាត់ប្រឡាយមេ សរុបចំនួន ១៨កន្លែង និងសាងសង់ជណ្តើរចុះប្រឡាយមេសម្រាប់អ្នកភូមិប្រើប្រាស់ ជាច្រើនកន្លែងទៀត ។
តាមការរំពឹងទុក ក្រោយពេលបញ្ចប់ការសាងសង់ជាស្ថាពរ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន នឹងផ្តល់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីបង្កបង្កើនផលរបស់បងប្អូនប្រជាកសិកររាប់ម៉ឺនហិកតា នៅក្នុងស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោល ។ ទន្ទឹមនឹងនេះ ស្ទឹងសង្កែ ដែលទឹកធ្លាប់តែហូរធ្លាក់ចូលទៅកាន់បឹងទន្លេសាបដោយឥតប្រយោជន៍ នឹងមានទឹកខួបប្រាំង ខួបវស្សា សម្រាប់ផ្គត់ផ្គង់ឱ្យការផលិតទឹកស្អាត ស្រោចស្រពដំណាំកសិកម្ម និងលើកកម្ពស់សោភ័ណភាពក្រុងបាត់ដំបង ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀតផងដែរ ។