អូស្រ្តាលីសន្យាបន្តផ្តល់ជំនួយដល់កម្ពុជា


     អូស្រ្តាលីសន្យាបន្តគាំទ្រផ្តល់ជំនួយដល់កម្ពុជា លើវិស័យសុខាភិបាលបន្តទៀត ។ ការបន្តសន្យាជួយរបស់រដ្ឋាភិបាលអូស្រ្តាលីនេះ គ្រាដែលប្រធានគណបក្សសង្រ្គោះជាតិ ឯកឧត្តម សម រង្ស៊ី នៅក្រៅប្រទេសកំពុងញុះញង់ និង Lobby បរទេសផ្តាច់ជំនួយនោះទៅវិញ ។

     ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី លោកជំទាវ Angela Corcoran គឺក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តី ក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង នៅថ្ងៃទី២៥ ខែកក្កដានេះ នៅទីស្តីការក្រសួង ។ ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្រ្តាលី បានថ្លែងថា រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ជំនួយដល់វិស័យសុខាភិបាលកម្ពុជាប្រមាណ ១០០លានដុល្លារអូស្រ្តាលី ចាប់តាំងពីឆ្នាំ ២០១០ រហូតដល់បច្ចុប្បន្ន ហើយអូស្រ្តាលី នឹងជួយគាំទ្រជំនួយដល់វិស័យសុខាភិបាលកម្ពុជា ជាបន្តទៀត ។

     ក្នុងជំនួបភាគីទាំងពីរ បានពិភាក្សាលើការជម្រុញការអភិវឌ្ឍ សមត្ថភាពមន្ត្រីសុខាភិបាល និងការអនុវត្តនូវការគាំទ្រ នូវសុខភាពសង្គម ជាពិសេសផ្តោតទៅលើគម្រោងថ្មី គឺការពង្រីកមូលនិធីសមធម៌ ទូទាំងប្រទេសកម្ពុជា ។ លោកជំទាវ Angela Corcoran បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១០ រហូតដល់បច្ចប្បន្ននេះ រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ជំនួយដល់វិស័យសុខាភិបាលកម្ពុជា ប្រមាណ ១០០លានដុល្លារអូសស្ត្រាលី ក្នុងនោះ រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងផ្នែកផ្សេងៗទៀត ក្នុងវិស័យសុខាភិបាល ។

     លោកជំទាវបញ្ជាក់ថា អូស្រ្តាលី នឹងបន្តជួយដល់វិស័យសុខាភិបាលកម្ពុជា ជាពិសេសការពង្រីកមូលនិធីសមធម៌វិនិយោគលើវិស័យគាំពារមាតា និងទារកដែលកន្លងមកអូស្រ្តាលី បានរៀបចំថវិកា និងបានផ្តល់ជាបណ្តើរៗ ដែលថវិកាសរុបប្រមាណ ២០លានដុល្លារអូស្រ្តាលី

     រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលី ដែលតែងតែជួយដល់កម្ពុជា លើវិស័យសុខាភិបាល ហើយកន្លងមកក្រសួងសុខាភិបាល បានធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយប្រទេសអូស្រ្តាលី ដើម្បីសម្រេចបាននូវទិសដៅសហវត្ស ដែលកម្ពុជាទើបបានសម្រេចកាលពីថ្មីៗនេះ ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍អំពីផលប្រយោជន៍ នៃការផ្តល់អាហារូបករណ៍ពីប្រទេសអូស្រ្តាលី សម្រាប់និស្សិតកម្ពុជាដើម្បីទៅសិក្សារៀនសូត្រ ។ ទន្ទឹមនឹងនោះឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រុញឲ្យមានការផ្លាស់ប្តូរបទពិសោធន៍នៃការសិក្សារវាងនិស្សិត អូស្រ្តាលី និងនិស្សិតកម្ពុជា។

     លោកជំទាវបានមានប្រសាសន៍ថា ប្រទេសកម្ពុជាគឺជាប្រទេសចំណាត់ថ្នាក់ទី៧ ដែលនិស្សិតអូស្រ្តាលីមានចំណាប់អារម្មណ៍ក្នុងការមកទស្សនកិច្ចសិក្សា និងការសិក្សាផ្លាស់ប្តូរបទពិសោធន៍ ។ លោកជំទាវបញ្ជាក់ថាប្រទេសអូស្រ្តាលីកំពុងអភិវឌ្ឍផែនការ នៃកម្មវិធីទស្សនកិច្ចសិក្សារបស់និស្សិតនេះ ។

Oz 26 07 26 2 copy

Oz 26 07 26 3 copy