ព្រះគ្រូចៅអធិការវត្តព្រែកស្តី ប្រគល់អង្ករ ៤តោន និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ដល់រដ្ឋបាលខេត្តពោធិ៍សាត់, សាខាសមាគមនារីខេត្ត និងមន្ទីរពេទ្យខេត្ត ដើម្បីប្រើប្រាស់លើការងារមនុស្សធម៌


ពោធិ៍សាត់៖ ព្រះតេជគុណ នូវ សុគន្ធថៃ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រគល់អង្ករចំនួន ៤តោន និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ជូនរដ្ឋបាលខេត្តពោធិ៍សាត់, សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីប្រើប្រាស់លើការងារមនុស្សធម៌ ត្រៀមជួយសង្គ្រោះ ដល់ជនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ។

ពិធីប្រគល់ទទួលអង្ករ និងសម្ភារៈខាងលើ ធ្វើឡើងនៅលើសាលាឆាន់វត្តហង្សាបិតិ ហៅវត្តព្រែកស្រី ស្ថិតនៅក្នុងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ លោក លោកស្រី ទីប្រឹក្សាក្រសួងមហាផ្ទៃ អភិបាលរងខេត្ត លោកស្នងការខេត្ត និងលោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត។

ព្រះតេជគុណ នូវ សុគន្ធថៃ ហៅលោកតាហួរ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី មានសង្ឃដិកាថា អង្ករចំនួន ៤តោន ទិញពីទីផ្សារផ្ទាល់ រួចច្រកចូលក្នុងការុងតូចៗ ដោយក្នុងមួយការុងមានទម្ងន់១០គីឡូក្រាម ដើម្បីងាយស្រួលក្នុងការយកទៅចែកជូន ដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយប្រការផ្សេងៗ។ ជាក់ស្តែងថ្ងៃនេះដោយមើលឃើញពីតម្រូវការដ៏ចាំបាច់ របស់រដ្ឋបាលខេត្តពោធិ៍សាត់, សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងការបម្រើសេវាមនុស្សធម៌ ពិសេសជួយជនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ ក៏បានឆ្លើយតប និងប្រគល់ជូនភ្លាមៗផងដែរ។

លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះព្រះតេជគុណ នូវ សុគន្ធថៃ ហៅលោកតាហួរ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី ដែលមានព្រះទ័យគិតគូ និងយកចិត្តទុកដាក់ ដល់ការងារសង្គមគ្រប់ពេលវេលា។ ទង្វើរ និងសកម្មភាពមនុស្សធម៌របស់ព្រះអង្គនាពេលនេះ ក៏ដូចលើមុនៗ សបញ្ជាក់ឱ្យឃើញពីព្រះទ័យជ្រះថ្លា ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ជាពិសេសជាមួយរដ្ឋបាលខេត្ត, សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ជាសក្ខីភាពស្រាប់។

គួរបញ្ជាក់ថា សម្រាប់រដ្ឋបាលខេត្ត ត្រូវទទួលបាន អង្ករ៣តោន ឆ្នាំង៦០ ចន្ទះអាំងត្រី៥ ចានស្រាក់២៧ឈុត ខ្ទះ១១ និងវេក១០, សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ត្រូវទទួលបាន អង្ករ១តោន ឆ្នាំង១០ កំសៀវ១៤ និងចានស្រាក់១០ឈុត និងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ត្រូវទទួលបាន ភួយ១៤ ខ្នើយ៤១ និងកន្ទេល១៣។

ក្នុងថ្ងៃដដែលនោះ លោកអភិបាលខេត្ត ក៏បានទទួលសម្របសម្រួលដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋ ទៅតាមសំណូមពរ នៅសាលាខេត្តពោធិ៍សាត់ បានជាច្រើនករណីផងដែរ៕