នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានចូលរួមកិច្ចប្រជុំប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រោះថ្នាក់គ្រឿងញៀន(AIPACODD)លើកទី១ នៅប្រទេសសឹង្ហបុរី។ កិច្ចប្រជុំនេះបានចាប់ផ្តើមក្រោមអធិបតីភាព ឯកឧត្តម Tan Chuan Jin ប្រធានអាយប៉ា និងជាប្រធានសភាសឹង្ហបុរី ដោយបានអនុម័តលើសេចក្តីព្រាងកម្មវិធី និងរបៀបវារៈនៃកិច្ចប្រជុំ និងបានពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន២ ស្តីពី (១) កិច្ចការពារសហគមន៍អាស៑ានគ្មានគ្រឿងញៀនសម្រាប់អ្នកជំនាន់ក្រោយ និង (២) លក្ខន្តិកៈរបស់AIPACODD។ ក្នុងកិច្ចពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីកិច្ចការពារសហគមន៍អាស៑ានគ្មានគ្រឿងញៀនសម្រាប់អ្នកជំនាន់ក្រោយ ប្រទសហ្វីលីពីន និងឥណ្ឌូនេសុីបានចោទប្រកាន់ប្រទេសចិនថាជាប្រទេសផលិតគ្រឿងញៀន ដែលនាំអោយមានលំហូរគ្រឿងញៀនចូលប្រទេសខ្លួន ហេតុនេះប្រទេសទាំង០២បានស្នើថ្កោលទោសប្រទេសចិននៅក្នុងសេចក្តីសម្រេចរបស់AIPACODD។ តែគណៈប្រតិភូសភាកម្ពុជាបានតស៑ូមតិក្នុងជំហររឹងម៉ាំមិនឲ្យដាក់ឈ្មោះប្រទេសជាក់លាក់ណាមួយនៅក្នុងសេចក្តីសម្រេច ដោយហេតុថា (១) ការចោទប្រកាន់ដោយគ្មានភស្តុតាងជាក់លាក់ (២) ការអនុវត្តផ្ទុយពីក្រមសីលធម៑របស់អាយប៉ាដែលមិនអាចចោទប្រកាន់ប្រទេសណាមួយចំឈ្មោះ និង (៣)ការធ្វើឲ្យមានភាពល្អក់កករក្នុងកិច្ចសហប្រតិបត្តិការតំបន់អាស៑ាន-ចិន។ ជាលទ្ធផល តាមរយៈជំហរដ៏រឹងម៉ាំរបស់សភាកម្ពុជា និងមានការគាំទ្រពីប្រទេសថៃ រៀតណាម និងសឹង្ហបុរី ការចោទប្រកាន់នេះត្រូវបានលុបចេញពីសេចក្តីសម្រេច។