ក្រសួងទេសចរណ៍កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិលើកទី ២ ស្តីពី “កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន ក្រោមប្រធានបទ៖ អភិវឌ្ឍធនធានមនុស្ស ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព”


នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈ កម្មាធិការជាតិអ្នកជំនាញទេសចរណ៍បានអញ្ជើញជាធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិ លើកទី ២ ស្តីពី “កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន ក្រោមប្រធានបទ៖ អភិវឌ្ឍធនធានមនុស្ស ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព” នៅសណ្ឋាគាសុខា រ៉េស៊ីដង់ រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងអគ្គលេខាធិការអាស៊ាន ថ្នាក់ដឹកនាំ ស្ថាប័នទេសចរណ៍ មកពីប្រទេសសមាជិកអាស៊ាន មជ្ឍមណ្ឌលអាស៊ាន-ចិន មជ្ឍមណ្ឌល អាស៊ាន-ជប៉ុន គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញទេសចរណ៍ជាតិ និងអាស៊ាន សមាគមន៍ទេសចរណ៍ជាតិ និងអាស៊ាន វាគ្មិនជាតិអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ យុវជន សិស្ស-និស្សិត និងភាគីពាក់ព័ន្ធ ប្រមាណ ៧០០នាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សន្និសីទអន្តរជាតិរយៈពេល២ថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងតំបន់អាស៊ាន និងដើម្បីចែករំលែកបទពិសោធន៍ ភាពជោគជ័យ ទស្សនទាន និងផ្ដល់នូវធាតុចូលថ្មីៗ ពីភាគីពាក់ព័ន្ធក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) សំដៅដាក់ចេញនូវគោលនយោបាយយុទ្ធ សាស្ត្រ និងផែនការសកម្មភាពរបស់អាស៊ាន ក្នុងគោលបំណងជំរុញការអភិវឌ្ឍជំនាញ និងការងារក្នុងវិស័យទេសចរណ៍អាស៊ានទាំងមូល ឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងនិន្នាការទេសចរណ៍សកលលោក ព្រមទាំងការរីកចម្រើននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ កិច្ចព្រមព្រៀងអាស៊ាន MRA-TP នេះជាទម្រង់នៃកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន សំដៅចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសក្នុងសេវាកម្មសណ្ឋាគា និងសេវាកម្មធ្វើដំណើរ។

អង្គសន្និសីទនឹងយកចិត្តទុកដាក់ពិភាក្សាលើប្រធានបទសំខាន់ៗ៥ ដោយមានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិជាបន្តបន្ទាប់ រួមមាន៖

ប្រធានបទទី១៖ បញ្ហាប្រឈមក្នុងការផ្តល់សេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព នៅក្នុងបរិបទនៃការប្រកួតប្រជែងពិភពលោក

ប្រធានបទទី២៖ ការងារ និងកំណើនសេដ្ឋកិច្ច៖ តើវិស័យទេសចរណ៍ ដើរតួនាទីយ៉ាងដូចម្តេចក្នុងការបង្កើតឱកាសការងារ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ប្រកបដោយនិរន្តរភាព

ប្រធានបទទី៣៖ កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) និងក្របខ័ណ្ឌគតិយុត្ត

ប្រធានបទទី៤៖ ការទទួលស្គាល់គុណវុឌ្ឍិអាស៊ានជា “គោលដៅអនាគត នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍”

ប្រធានបទទី៥៖ កិច្ចពិភាក្សាអំពី ASEAN MRA-TP វិថីឆ្ពោះទៅកាន់ស្មារតីនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកពីការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបច្ចុប្បន្ន ការប្រើប្រាស់នូវបញ្ញាសិប្បនិម្មិត (Artificial Intelligence) នាយុគសម័យបដិវត្តឧស្សាហកម្ម ៤.០ នេះ បានធ្វើឲ្យការងារមួយចំនួនហួសសម័យ (Obsolete) ហើយតម្រូវការការងារ និងជំនាញនៅលើទីផ្សារមានការប្រែប្រួល ទន្ទឹមនឹងការងារថ្មីៗជាច្រើនត្រូវបានបង្កើតឡើង ដែលយើងត្រូវរៀបចំបណ្ដុះបណ្ដាលយុវជន យ៉ាងណាដើម្បីត្រៀមខ្លួនសម្រាប់ជំនាញអនាគត ក្នុងនោះទាមទារឲ្យមានការរៀបចំកម្មវិធីសិក្សាមួយមានភាពរស់រវើក ឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន និងអនាគត។ ច្បាស់ណាស់ថា ការរីកចម្រើននៃបច្ចេកវិទ្យាបច្ចុប្បន្ន បានពង្រីកប្រភព ឬឃ្លាំងស្តុកចំណេះដឹង ដែលយើងអាចទទួលយកបានយ៉ាងងាយស្រួលតាមរយៈប្រព័ន្ធ Internet។