ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការចូលនិវត្តចំនួន ៤០៣ នាក់ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល


នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការចូលនិវត្តចំនួន ៤០៣ នាក់ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនចំពោះបងៗនិវត្តជន ហើយការរីកចម្រើនប្រទេសជាតិសព្វថ្ងៃនេះ មិនអាចកាត់ផ្តាច់ពីស្នាដៃ និងការលះបង់របស់បងៗនិវត្តជនបានទេ។

​ជាមួយគ្នានេះដែរ ឯកឧត្តមបានអំពាវនាវ និងមានជំនឿថា បងៗនិវត្តជន ព្រមទាំងក្រុមគ្រួសារទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា ដើម្បីបំពេញកាត្វកិច្ចជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីសម្រេចនូវជោគវាសនារបស់ខ្លួនយើងម្នាក់ៗ និងជោគវាសនារបស់ប្រទេសជាតិ ដោយជ្រើសរើសយកគណបក្សនយោបាយ ដែលខ្លួនពេលចិត្តឲ្យបន្តដឹកនាំប្រទេសរយៈពេល៥ឆ្នាំទៅមុខទៀត ជាពិសេសគណបក្សនយោបាយដែលមានបទពិសោធន៍ដឹកនាំ មានថ្នាក់ដឹកនាំមានគ្រប់សមត្ថភាពក្នុងការការពារឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដីឲ្យបានគត់មត់តាមការកំណត់របស់រដ្ឋធម្មនុញ្ញ ថ្នាក់ដឹកនាំដែលមានសមត្ថភាពក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសណ្តាប់ធ្នាប់សង្គមឲ្យបានរឹងមាំក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ថ្នាក់ដឹកនាំដែលមានសមត្ថភាពក្នុងការបន្តជំរុញប្រទេសជាតិឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្លាយជាប្រទេសរីកចម្រើននៅក្នុងតំបន់ ជាសង្គមប្រកបដោយអារ្យធម៌ និងសេចក្តីស្រឡាញ់ គ្មានការកើតឡើងវិញនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិ ដូចពីអតីតៈកាលទៀតឡើង។

ក្នុងឱកាសនោះ ឯកឧត្តមបាននាំថវិកាចែកជូននិវត្តជនចំនួននាក់៤០៣ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់រៀបចំពិធី ដែលចំណាយអស់ថវិកាចំនួន ២១.៦៣០.០០០ រៀល៕