គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើថៃរកកិច្ចសហការ


     គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើលិខិតមួយទៅគណៈកម្មការសិទ្ធិមនុស្សរបស់ថៃ ស្នើរកកិច្ចសហការ តាមដានការសង្ស័យរំលោភសិទ្ធិពលករកម្ពុជា ផ្នែកឧស្សាហកម្មនេសាទ នៅក្នុងប្រទេសថៃ ។ លិខិតស្នើរកកិច្ច សហការពីគណៈកម្មការសិទ្ធិមនុស្សថៃ បានធ្វើនៅថ្ងៃទី៩ ខែសីហានេះ តាមរយៈប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី

     លិខិតបានសរសេរទៅកាន់ប្រធាន គណៈកម្មការសិទ្ធិមនុស្សថៃ លោក វ៉ាត់ ទិនកាមិត ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលព័ត៌មានច្បាស់ការ ស្តីពីការរំលោភសិទ្ធិមនុស្សមកលើប្រជាជនកម្ពុជា ដែលជាកម្មករនេសាទ នៅក្នុងប្រទេសថៃ ដែលក្នុងនោះ រួមមានការបង្ខិតបង្ខំឱ្យធ្វើការ និងបង្ខិតបង្ខំឱ្យប្រើប្រាស់គ្រឿងញៀន ដើម្បីធ្វើការបន្តដោយគ្មានពេលសម្រាក ។ លិខិតបានសរសេរស្នើរកកិច្ចសហការ បង្កើតយន្តការមួយ ដើម្បីត្រូតពិនិត្យបញ្ហាសិទ្ធិមនុស្ស ក្នុងឧស្សាហកម្មនេសាទ ។ សេចក្តីស្នើរបស់ភាគីកម្ពុជា នៅមិនទាន់មានការឆ្លើយតប ពីភាគីថៃនៅឡើយទេ ។

     សូមជំរាបថា សេចក្តីរាយការណ៍ព័ត៌មាន កន្លងមកបានបង្ហាញថា មានកម្មករនេសាទជាតិខ្មែរជាច្រើន បានរងការធ្វើបាបពីក្រុមហ៊ុននេសាទ ឯកជនរបស់ថៃ ដែលមិនឱ្យពួកគេមានពេលសម្រាកចុះពីលើទូក ដើម្បីជួបជុំក្រុមគ្រួសារឡើយ ។ សេចក្តីរាយការណ៍ខ្លះទៀត បានឱ្យដឹងថា កម្មករនេសាទខ្មែរខ្លះទៀត ត្រូវថៅកែក្រុមហ៊ុននេសាទឯកជន បង្ខំឱ្យពួកគេសេពគ្រឿងញៀន មិនឱ្យសម្រាកការនេសាទ និងខ្លះទៀតដែលរឹងរូសមិនព្រមធ្វើតាមថៅកែ ត្រូវបានគេវាយទម្លាក់ពីលើទូក នេសាទថៃនោះផងដែរ ៕