ពិធីបំពាក់គ្រឿងឥស្សរិយយសនិងថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ មន្រ្តីរាជការអគ្គិសនីកម្ពុជា


នៅថ្ងៃអង្គារ ១៤កើត ខែបឋមសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅអគ្គបញ្ជាការដ្ឋាន ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការអគ្គិសនីកម្ពុជា ដែលជាអង្គភាពសម្ពន្ធមេត្រីភាព បានឧបត្ថម្ភសម្ភារៈនិងថវិកា ចាប់ពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៨ សរុបជាថវិកាប្រមាណ៤ ៦០០ ០០០ (បួនលាន ប្រាំមួយសែន) ដុល្លារអាមេរិក ផ្តល់ជូនកងពលតូចថ្មើរជើងលេខ៤២ កងពលតូចអន្តរាគមន៍លេខ១៤ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងវរសេនាតូចលេខ១ខេត្តពោធិ៍សាត់ ព្រមទាំងបានសហការតភ្ជាប់ចរន្តអគ្គិសនីជូនបណ្តាអង្គភាពទ័ពមួយចំនួន សំដៅរួមចំណែកពង្រឹងសមត្ថភាពអង្គភាពឱ្យកាន់តែរឹងមាំ ក្នុងបុព្វហេតុនៃកិច្ចការពារជាតិ ។
ក្នុងន័យនេះ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាចិត្តខិតខំពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈរបស់ខ្លួន ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារផលប្រយោជន៍ជាតិ ការពារបូរណភាពទឹកដី និងប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ មិនឱ្យកើតមាននៅលើទឹកដីកម្ពុជានោះឡើយ។ ទោះក្នុងតម្លៃណាក៏ដោយ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពារឱ្យបានរឹងមាំនូវសុខសន្តិភាព ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិនិងនាំមកនូវសុខដុមរមនា ភាពសម្បូររុងរឿងជូនប្រជាពលរដ្ឋកម្ពុជាជានិច្ចនិរន្តរ៍៕