កិច្ចប្រជុំផ្សព្វផ្សាយអំពីសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប


នាព្រឹកថ្ងៃ ១៣កើត ខែបឋមាសឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៨ នៅវេលា ម៉ោង ៨:៣០ នាទីព្រឹក នៅសាលធំសាលាខេត្ត បានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីការជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី នាយក-នាយករងរដ្ឋបាល នាយកទីចាត់ការរដ្ឋបាល ទីចាត់ការគ្រប់គ្រងធនធានមនុស្ស មន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុង-ស្រុក ការិយាល័យក្រុមប្រឹក្សា ឃុំ/សង្កាត់ តំណាងវិស័យឯកជន និងអង្គការ សង្គមស៊ីវិល សរុប ១២៥រូប ។

ដើម្បីបង្កើតឲ្យមានចីរភាព និងការអភិវឌ្ឍល្អតាមបែបប្រជាធិបតេយ្យ នៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការលើកម្ពស់អភិបាលកិច្ចល្អក្នុងការផ្ដល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ស្ដីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលយន្តការអព្យាក្រឹត្យមួយសម្រាប់ទទួល និងសម្រុះសម្រួលេដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការដែលពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត ដឹកនាំដោយ ប្រធាន១រូប និងអនុប្រធាន១ ជាជំនួយការ។ ប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តត្រូវជ្រើសឡើងតាមការបោះឆ្នោតដោយគណៈកម្មាធិការបោះឆ្នោតដែលមានសមាសភាពមកពីក្រុមប្រឹក្សារាជធានី ខេត្ត សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ តំណាងសភាពាណិជ្ជកម្មរាជធានីខេត្ត និងតំណាងអង្គការសង្គមស៊ីវិល។