ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជា អធិបតីក្នុងពិធីរួមគ្នា ដើម្បីលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋប្រកបរបរដឹកជញ្ជូនក្រៅប្រព័ន្ធ


ថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅអគារខេមរានី ស.ស.យ.ក រាជធានីភ្នំពេញ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជា អធិបតីក្នុងពិធីរួមគ្នា ដើម្បីលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋប្រកបរបរដឹកជញ្ជូនក្រៅប្រព័ន្ធ ដោយមានការចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ តំណាងក្រុមហ៊ុនសូគីមិច តំណាងក្រុមហ៊ុនGrab
តំណាងអង្គការUNDP លោក ឯ សុ ភាល់ ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និងបងប្អូនប្រកបរបរដឹកជញ្ជូនសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ៥០០០នាក់។

កម្មវិធីនេះរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរួមរបស់ក្រសួងសាធាណការ និងដឹកជញ្ជូន រួមសហការជាមួយ ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនGrab អង្គការUNDP សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា ដើម្បីគំាទ្រដល់សមាជិកសមាជិកាសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលកំពុងប្រកបរបរដឹកជញ្ជូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ(រត់រ៉ឺម៉ក/Tuk Tuk) និងផ្តោតជាសំខាន់លើការគិតគូរពីផល ប្រយោជន៍ សុវត្ថិភាពចរាចរណ៍ ការដឹកជញ្ជូន សោភ័ណ្ឌភាព និងសេចក្តីថ្លៃថ្នូររបស់បងប្អូនប្រកបរបរដឹក ជញ្ជូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ (រត់រ៉ឺម៉ក)។

តាមរយៈគំនិតផ្តួចផ្តើមនេះ សមាជិកសមាគមនឹងទទួលបានការលក់ បញ្ចុះថ្លៃប្រេងសាំងធម្មតានិងសាំង ស៊ុបពែក្នុងតម្លៃទាបជាងទីផ្សារ៣០០រៀលក្នុង១លីត្រ ដែលបានអនុវត្តពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅរបស់ក្រុមហ៊ុនសូគីមិច ការបំពាក់នូវAppរបស់ក្រុមហ៊ុន Grab ជូនបងប្អូនអ្នកប្រកបរបររត់រ៉ឺម៉ក ខ្មែរដែលជាសមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដោយគិតកម្រៃជើងសារត្រឹមតែ៥% ក្នុងរយៈ ពេល៦ខែដំបូង និងការពិនិត្យលទ្ធភាពផ្តល់ជូនឯកសណ្ឋាន និងមួកការពារសុវត្ថិភាព ដែលបានផ្តល់ក្តី សង្ឃឹម និងភាពជឿជាក់ជូនបងប្អូនប្រកបរបររកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ម្លប់សុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនំាដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ច៧%ក្នុងមួយឆ្នាំគិតជាមធ្យមក្នុងរយៈពេល២០ឆ្នាំចុងក្រោយ បង្កើតការងារបានជាង៣,៦លាននាក់ក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ក្នុងនោះផ្នែកសេដ្ឋកិច្ច ក្នុង ប្រព័ន្ធមានចំនួនជាង ១,៤ លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ២,៤ លាននាក់។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានដើរតួនាទី យ៉ាងសំខាន់ក្នុងការបំពេញឱ្យគ្នាទៅវិញទៅមក រវាងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ និងបានរួមវិភាគទានយ៉ាងធំធេងក្នុងសេដ្ឋកិច្ចជាតិប្រមាណ ៦ ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើ ក៏ដូចជាសំណូមពរដល់បងប្អូនប្រកបរបររកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធសូមគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន ត្រូវពាក់មួកសុវត្ថិភាពពេលបើកបរ ដើម្បីជៀសវាងកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ មិនត្រូវសេពគ្រឿងស្រវឹង ឬគ្រឿងញាណ បើបើកបរកុំ ពិសាគ្រឿងស្រវឹង បើពិសាគ្រឿងស្រវឹងកុំបើកបរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ក្រុមហ៊ុន សូគីមិច ក្រុមហ៊ុនGrab អង្គការរកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលបានរួមគ្នាក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់ នេះឡើង។