អភិបាលខេត្តរតនគិរី កម្លាំងនគរបាល ត្រូវតែជាកម្លាំងដែលពលរដ្ឋអាចជឿទុកចិត្តបាន


ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត និងប្រជាការពារនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នេះ បានលើកឡើងថា ក្នុងនាមជាកងកម្លាំងនគរបាល ត្រូវតែជាកម្លាំងដែលប្រជាពលរដ្ឋអាចជឿទុកចិត្តបាន ដោយឈរលើគោលការណ៍ប្រកាន់ភ្ជាប់នូវសីលធម៌ សុជីវធម៌ និងវិន័យរបស់កងកម្លាំង ។

ឯកឧត្តមស្នើឲ្យកងកម្លាំងទាំងអស់ប្រើគ្រប់វិធីក្នុងការបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដោយរកគ្រប់មធ្យោបាយជៀសវាងនូវការប៉ះទង្គិច ឬកើតឡើងនូវអំពើហឹង្សាណាមួយ ។

ជាងនេះទៅទៀតកងកម្លាំងត្រូវចេះចូលរួមសហការគ្នា ផ្លាស់ប្តូរយោបល់ និងចេះរាយការណ៍ទប់ស្កាត់រាល់ស្ថានភាព សភាពការណ៍ដែលកើតឡើងនៅមូលដ្ឋាន និងស្ថានភាពកំពុងប្រឈម ជៀសវាងការអនុវត្តផ្ទុយទៅនឹងបទបញ្ជា ហើយចូលរួមឲ្យបានជិតស្និតជាមួយប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់បានរាយការណ៍ព័ត៌មានដែលកើតឡើង និងអាចទប់ស្កាត់បានទាន់ពេលវេលា ។ ឯកឧត្តមក៏បានជំរុញឲ្យកងកម្លាំងទាំងអស់ត្រូវពង្រឹងលើសមត្ថភាពជំនាញបន្ថែមទៀត និងចូលរួមរក្សាសន្តិសុខ សុវត្ថិភាពឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ជាពិសេសនៅក្នុងការបោះឆ្នោតនាពេលដ៏ខ្លីខាងមុខនេះ ។