ភ្នំពេញ៖ កម្ពុជាឈរនៅលំដាប់លេខ១ជាប្រទេសនាំចេញកង់ទៅកាន់ទីផ្សារសហភាពអឺរ៉ុប(EU)ច្រើនជាងគេកាលពីឆ្នាំ២០១៧ជាលើកដំបូង ខណៈកោះតៃវ៉ាន់ដែលកាន់តំណែងជាអ្នកនាំចេញកង់ច្រើនជាងគេទៅកាន់EUជាង២០ឆ្នាំធ្លាក់មកលេខ២វិញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន bike-eu.com កាលពីពេលថ្មីៗនេះ។
ការចេញផ្សាយដដែលឱ្យដឹងទៀតថា កាលពីឆ្នាំ២០១៦ កម្ពុជាបាននាំចេញកង់ទៅកាន់ទីផ្សារ EU មានចំនួន ១,២៩លានគ្រឿងឈរនៅលំដាប់លេខ២ បន្ទាប់ពីកោះតៃវ៉ាន់។ ដោយឡែកឆ្នាំ២០១៧នេះ ការនាំចេញកង់របស់កម្ពុជាទៅកាន់ទីផ្សារនៅបណ្តាប្រទេសទាំង២៨ នៃសហភាពអឺរ៉ុប មានចំនួន ១,៤២លានគ្រឿង ចំនួននេះបានកើនឡើង ៩ភាគរយ បើធៀបនឹងឆ្នាំ២០១៦ កន្លងទៅ។
ចំណែកឯកោះតៃដែលឈរនៅលំដាប់លេខ២ នៅឆ្នាំ២០១៧ បានធ្វើការនាំចេញកង់ទៅកាន់ទីផ្សារអឺរ៉ុបមានការធ្លាក់ចុះ ១៥ភាគរយ ពោលគឺមានចំនួនប្រមាណ ១,៣១លានគ្រឿងតែប៉ុណ្ណោះ ខណៈដែលឆ្នាំ២០១៦ មានចំនួនរហូតដល់ ១,៥៥លានគ្រឿង។
បើគិតពីតម្លៃនៃការនាំចូលកង់សរុបរបស់ EU ក្នុងឆ្នាំ២០១៧ គឺមានចំនួន ១,០៦ពាន់លានអឺរ៉ូ ស្មើនឹងជាង ១ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ កង់១គ្រឿងមានតម្លៃ ១៥៥,៨៥អឺរ៉ូ (ប្រមាណ ១៨១,៣ដុល្លារអាមេរិក)។ នេះបើតាមការបញ្ជាក់របស់សារព័ត៌ Bike-EU.com ៕
Cambodia Ranked No.1 in Exporting Bikes to the EU, while Ranking No.1 over 20 years ago was Taiwan Falls to No. 2