កូនឈើទាល និងគគីរ ចំនួន ២៥០០ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាបដាំលើផ្ទៃដី ២,៥ហិចតា ស្ថិតនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប


ថ្ងៃសុក្រ ០២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រីវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើទាល និងគគីរ ចំនួន ២៥០០ដើម ស្ថិតនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលរដ្ឋបាលព្រៃឈើ បន្ទាយស្រី រួមសហការជាមួយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដាំលើផ្ទៃដី ២ហិចតាកន្លះ ក្នុងឱកាសប្រារព្ធធ្វើបុណ្យរុក្ខទិវា ។

មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យរុក្ខទិវានាពេលនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញ ពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ការអភិរក្សធនធានព្រៃឈើ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល ។ គោលដៅយូរអង្វែងរបស់ប្រទេសជាតិយើង គឺការអភិរក្ស និងការគ្រប់ គ្រងធនធានធម្មជាតិ ជីវចំរុះ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាព និងបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យបានប្រសើរឡើង និង ប្រែក្លាយមូលដ្ឋានក្នុងតំបន់នេះឲ្យមានទេសភាពល្អ ប្រកប ដោយគម្របពណ៌បៃតង កាន់តែស្រស់ត្រកាលឡើង ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានបន្តទៀតថា ព្រៃឈើមានតួនាទីសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ និង ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស ។ ឯកឧត្តមបណ្ឌិតបានបន្តទៀតថា ព្រៃឈើ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត និង ជាអាយុជីវិតមនុស្ស និងសត្វ ដែលទាមទារឲ្យមានការគ្រប់គ្រង និង ការប្រើប្រាស់ធន ធានធម្មជាតិប្រកបដោយវិចារណញ្ញាណ សមហេតុសមផល ដើម្បីធានានូវតុល្យភាពបរិស្ថាន ហើយផ្ដល់ឱកាសឲ្យកូនចៅជំនាន់ក្រោយ ទទួលបានផលប្រយោជន៍ ពីធនធានទាំងអស់នេះ ដើម្បីបំពេញនូវសេចក្ដីត្រូវការ និងភាពសុខ ដុមរមនា ។ ម៉្យាងទៀតផែនការស្តារព្រៃឈើ និង ការដាំឈើឡើងវិញជាខ្សែចង្វាក់គ្រប់ទិសទី ដើមី្បខេត្តសៀមរាប រក្សាបាន នូវលំនឹងបរិស្ថានធម្មជាតិ និងមានសម្រស់ស្រស់បំព្រមដោយរុក្ខជាតិពណ៌បៃតងឡើងវិញ ក្នុងការបម្រើដល់វិស័យទេចរណ៍ទៀតផង ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបានកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ចាប់យកដីព្រៃ ត្រូវធ្វើការបញ្ឈប់ជាបន្ទាន់នូវទង្វើររបស់ខ្លួន និង ការធ្វើអាជីវកម្មព្រៃឈើ ជំនួញដីព្រៃឈើខុសច្បាប់ ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរ គឺជាគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ដែលបណ្តាលពីការកាប់បំផ្លាញព្រៃឈើនោះ នឹងកើតភ្លាមចំពោះសង្គមជាតិ ។ បុណ្យរុក្ខទិវានេះ ក៏ជាបេសកកម្មមួយប្រកបដោយគុណធម៌របស់មនុស្សជាតិ ក្នុងបុព្វហេតុការពារ និង ថែរក្សានិរន្តភាពនៃភពផែនដី ដើមី្បឲ្យមនុស្សបានរួចផុត ពីគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុ និង គ្រោះមហន្តរាយធម្មជាតិនានាទៀតផង ។

ព្រឹត្តិការណ៍រុក្ខទិវានាថ្ងៃនេះ ឆ្លុះបញ្ចាំងសារជា ថ្មីម្តងទៀត នូវការភ្ញាក់រលឹករបស់ប្រជាជាតិយើងទាំងមូល ក្នុងការ ប្រឈមមុខដោះស្រាយគ្រោះមហន្តរាយបាត់បង់ព្រៃឈើ និងស្មារតី ម្ចាស់ការទទួលខុសត្រូវលើជោគវាសនាអនាគតមាតុភូមិយើង សម្រាប់យើងជំនាន់នេះ ក៏ដូចជាជំនាន់ក្រោយ យើងត្រូវចាប់ផ្តើមដោយឥត បង្អែរបង្អង់នូវផែនការស្តារព្រៃឈើ និងការដាំកូនឈើឡើងវិញ ជាខ្សែ ចង្វាក់គ្រប់ទិសទី ដើម្បីឱ្យខេត្តសៀមរាបរបស់យើងរក្សាបាននូវលំនឹងបរិស្ថាន ធម្មជាតិ និងមានសម្រស់ស្រស់បំព្រងដោយរុក្ខជាតិពណ៌បៃតងឡើងវិញ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិតអភិបាលខេត្ត ក៏បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋ កុំឲ្យជឿនូវការឃោសនាអកុសលរបស់ក្រុមជ្រុល និយម ដែលមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាជន និង ត្រូវនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជូនដល់គណបក្សប្រជាជនកម្ពុជា ដែលមានលំដាប់លេខរៀងទី២០ ដើមី្បរក្សាការពារសន្តិភាព និង ការអភិវឌ្ឍន៍ជាតិ ៕