ត្បូងឃ្មុំ៖ សម្ភារបរិក្ខារ ដែលមានដូចជាកុំព្យូទ័រចំនួន២១គ្រឿង និងម៉ាស៊ីនបោះពុម្ពចំនួន០៣គ្រឿង ត្រូវបានប្រគល់ដល់សាលាកម្រងស្ថិតនៅឃុំវាលម្លូរ រួមមានសាលាបឋមសិក្សា គ្រញូង កុំព្យូទ័រចំនួន១៦គ្រឿង ម៉ាស៊ីនបោះពុម្ព០១គ្រឿង អនុវិទ្យាល័យ វាលម្លូរ កុំព្យូទ័រចំនួន០២គ្រឿង ម៉ាស៊ីនបោះពុម្ព០១គ្រឿង សាលាបឋមសិក្សា វាលម្លូរ កុំព្យូទ័រចំនួន០២គ្រឿង ម៉ាស៊ីនបោះពុម្ព០១គ្រឿង និងការិយាល័យអប់រំ យុវជន និងកីឡា ស្រុកពញាក្រែក កុំព្យូទ័រចំនួន០១គ្រឿង ក្នុងបំណងជួយសម្រួលដល់ការងាររៀន និងបង្រៀនបណ្ដុះបណ្ដាលវិស័យអប់រំ ក្នុងទូទាំងឃុំវាលម្លូរ ព្រមទាំងដើម្បីបញ្ជ្រាបបច្ចេកវិទ្យាព័ត៌មានដែលកំពុងមានការរីកចម្រើនជាលំដាប់នៅក្នុងវិស័យអប់រំ យុវជន និងកីឡា។
ពិធីប្រគល់សម្ភារបរិក្ខារកុំព្យូទ័រនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃសុក្រ ០២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២១០៨ នៅសាលាបឋមសិក្សាគ្រញូង ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ៕