សម្តេចក្រឡាហោម ស ខេង អញ្ជើញចុះពិនិត្យការងារអន្តរាគមន៍សង្គ្រោះដំណាំស្រូវខ្វះទឹកនៅក្នុងស្រុកថ្មគោល និងស្រុកបវេល ខេត្តបាត់ដំបង


រសៀលថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍សង្គ្រោះដំណាំស្រូវខ្វះទឹក នៅក្នុងស្រុកថ្មគោល និងស្រុកបវេល ។

នៅក្នុងពេលចុះពិនិត្យនោះ សម្តេចក្រឡាហោម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ទាំងថ្នាក់ក្រសួង ក៏ដូចជាថ្នាក់ខេត្ត ក្នុងការអន្តរាគមន៍សង្គ្រោះដំណាំស្រូវរបស់បងប្អូនប្រជាកសិករ ។ តាមរយៈវិធានការដ៏មានប្រសិទ្ធភាពរបស់ក្រុមការងារ មកដល់ពេលនេះ ដំណាំស្រូវរាប់ពាន់ហិកតាដែលរងផលប៉ះពាល់ដោយសារខ្វះទឹក ត្រូវបានសង្គ្រោះជាបន្តបន្ទាប់ ។

គួររំលឹកផងដែរថា ដោយពិនិត្យឃើញថា មានផ្ទៃដីដំណាំស្រូវ ១០.០០០ ហិកតា នៅស្រុកថ្មគោល និងស្រុកបវេល ខេត្តបាត់ដំបង បានជួបបញ្ហាខ្វះខាតទឹកស្រោចស្រព ក្រសួងធនធានទឹក និងឧតុនិយម បានចាត់ក្រុមការងារអន្តរាគមន៍ពិសេសមួយ ដើម្បីសហការជាមួយអាជ្ញាធរខេត្តបាត់ដំបង ចុះពិនិត្យ និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ។

តាមការពិនិត្យជាក់ស្តែងរបស់ក្រុមការងារឃើញថា ៖
១. ការប៉ះពាល់
– ផ្ទៃដីប៉ះពាល់សរុបមានប្រមាណ ១០.០០០ ហិកតា ប៉ុន្តែតាមរយៈការអន្តរាគមន៍ជាង ១ សប្តាហ៍ កន្លងមកនេះ ផ្ទៃដីប្រមាណជាង ៤.០០០ ហិកតា ហើយ ត្រូវបានសង្គ្រោះជាបន្តបន្ទាប់ ។
– ផ្ទៃដីដែលនៅសេសសល់មិនទាន់បានអន្តរាគមន៍ មានប្រមាណជាង ៥.០០០ ហិកតា ក្នុងនោះ ផ្ទៃដីប៉ះពាល់ធ្ងន់ធ្ងរ (អាចនឹងខូចខាតប្រសិន ១ សប្តាហ៍ទៀត គ្មានទឹកទៅដល់) មានចំនួនប្រមាណ ១.០០០ ហិកតា ។

២. មូលហេតុដែលបង្កឱ្យមានផលប៉ះពាល់ ៖
– អ្នកនៅផ្នែកខាងលើ តែងតែធ្វើការទម្លាក់ទ្វារទឹកចុះ ដើម្បីបញ្ចាល់ទឹកឱ្យហូរហៀរលើខ្នងប្រឡាយចូលស្រែតែម្តង ។ នៅពេលមានការអន្តរាគមន៍ពីមន្ទីរជំនាញ ពួកគាត់បានបើកទ្វារទឹកតែក្នុងរយៈពេលខ្លីប៉ុណ្តោះ រួចក៏លួចទម្លាក់ចុះវិញ ។
– ប្រឡាយមួយចំនួន នៅពេលដែលដល់វេនត្រូវបានទទួលទឹក បងប្អូនប្រជាកសិករ បានធ្វើការបង្វែរទឹកទៅឱ្យទៅប្រឡាយផ្សេងៗទៀត ដើម្បីទទួលទឹកមុន ។ ការមិនទទួលបានទឹកដែលដល់វេននេះ គឺមានរហូតដល់ទៅ ៣ ដង ស្មើនឹង ៩ ថ្ងៃ ដែលនេះក៏ជាផ្នែកមួយបណ្តាលឱ្យមានផលប៉ះពាល់ផងដែរ ។

៣. ការដោះស្រាយ ៖
– ក្រុមការងារ បានបញ្ជាឱ្យបើកទ្វារទឹកនៅផ្នែកខាងលើទាំងអស់ ដើម្បីឱ្យទឹកហូរចុះមកផ្នែកខាងក្រោម និងបញ្ជាឱ្យអធិការដ្ឋាននគរបាលស្រុក ត្រូវតែដាក់កម្លាំងការពារនៅតាមបណ្តាទ្វារទឹកដែលបើកទាំងនោះ មិនឱ្យមានការលួចទម្លាក់ចុះទៀតទេ ។
– ទឹកដែលទម្លាក់មក គឺជាអាទិភាព ត្រូវបញ្ជូនទៅកាន់កន្លែងដែលរងផលប៉ះពាល់ធ្ងន់ធ្ងរប្រមាណ ១.០០០ ហិកតា ជាមុន រួចទើបបន្តបញ្ជូនទៅកាន់តំបន់ប៉ះពាល់ដទៃទៀត ។

៤. តាមរយៈការដោះស្រាយដោយប្រើប្រាស់វិធានការម៉ឺងម៉ាត់ក្នុងការបែងចែកទឹកនេះ បច្ចុប្បន្ន
ស្រូវរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបានសង្គ្រោះទាន់ពេលវេលា មិនមានការខូចខាតទេ។