សាកលវិទ្យាល័យពហុបច្ចេកទេសដ៏ធំមួយរបស់ចិននឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាលើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស


សាកលវិទ្យាល័យពហុបច្ចេកទេស Ningbo នៃសាធារណរដ្ឋប្រជាមានិតចិន នឹងផ្ដល់អាហារូបករណ៍ដល់និសិ្សតកម្ពុជា លើជំនាញបច្ចេកទេស សំណង់ អគ្គីសនី និងអេឡិចត្រូនិច ខណៈដែលកម្ពុជាកំពុងត្រូវការលើជំនាញទាំងនេះជាចាំបាច់សម្រាប់អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។

ក្នុងជំនួបរវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក Zhang Huibo សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យពហុបច្ចេកទេស នីងបូ (Ningbo) នៃសាធារណរដ្ឋប្រជាមានិតចិន នាទីស្តីការក្រសួង រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ។ ឯកឧត្តម ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានមានប្រសាសន៍អោយដឹងនៅក្រោយជំនួបនេះថា ទស្សនកិច្ចសិក្សារបស់ប្រតិភូសាកលវិទ្យាល័យពហុបច្ចេកទេស នីងបូ នៅកម្ពុជា នាពេលនេះ គឺដើម្បី
១.ស្វែងរកកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
២.បង្កើតកម្មវិធីផ្លាស់ប្តូរនិស្សិត និងគ្រូបច្ចេកទេស
៣.ស្វែងរកកិច្ចគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមួយ នៅក្នុងវិទ្យាស្ថាន
ណាមួយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
៤.ធ្វើទស្សនកិច្ចសិក្សានៅ៖
– វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
– វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
– វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
– វិទ្យាស្ថានពហុបច្ចេកទេសព្រះសីហនុ

ជាមួយគ្នានេះ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យពហុបច្ចេកទេសNingbo នៃសាធារណរដ្ឋប្រជាមានិតចិនគ្រោងនឹងផ្ដល់អាហារូបករណ៍ដល់និស្សិត និងបណ្ដុះបណ្ដាលគ្រូនៅក្នុងវិទ្យាស្ថានកម្ពុជា ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានសម្ដែងការស្វាគមន៍ និងជម្រុញក្នុងការផ្ដល់អាហារូបករណ៍នេះ អោយបានឆាប់នាពេលខាងមុនេះផងដែរ។

ឯកឧត្តម ឡៅ ហ៊ីម បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នេះ បានចាត់ទុក “ការអភិវឌ្ឍធនធានមនុស្ស” ជាវិស័យអាទិភាពក្នុងចំណោមវិស័យអាទិភាពទាំងបួននៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដើម្បីលើកកម្ពស់ជំនាញ ដែលត្រូវការជាចាំបាច់ក្នុងការធានាបាននូវការប្រកួតប្រជែងក្នុងទីផ្សារពលកម្មក្នុងតំបន់ដែលកាន់តែបើកចំហ និងជម្រុញសេដ្ឋកិច្ចរបស់យើងឱ្យឈានឡើងកម្រិតខ្ពស់មួយទៀត ហើយជាពិសេសគឺផ្តល់ជូនប្រជាពលរដ្ឋនូវអំណាច ក្នុងការកំណត់វាសនាជីវិតរបស់ខ្លួន និងសម្រេចក្តីប្រាថ្នានៅកន្លែងការងារ។ រាជរាដ្ឋភិបាលកម្ពុជា បានកំណត់គោលដៅសេដ្ឋកិច្ចជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ដើម្បីសម្រេចគោលដៅសេដ្ឋកិច្ចនេះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយមួយចំនួនដែលមានភាពប្រទាក់ក្រឡា និងបំពេញឱ្យគ្នាទៅវិញទៅមករួមមាន៖ -គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥។

បច្ចុប្បន្នក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគ្រឹះស្ថានក្រោមឱវាទ ចំនួន ១០២ ក្នុងនោះមានគ្រឹះស្ថានសាធារណៈក្រោមឱវាទចំនួន ៣៩ ទូទាំងរាជធានី-ខេត្ត។ ក្រសួងបាននឹងកំពុងកែទម្រង់ស៊ីជំរៅលើផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៖
១.ពង្រឹងគុណភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
២.បង្កើនលទ្ធភាពទទួលបានការបណ្តុះបណ្តាលប្រកបដោយសមធម៌
៣.លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន និង
៤.លើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ