តុលាការថាចម្លើយរបស់ លោក ប៉ា ងួនទៀង ផ្តល់ប្រយោជន៍


Pa Gnoun 19 08 16 2 copy

     មន្ត្រីតុលាការបានថ្លែងថា ការសាកសួរចម្លើយលើលោកប្រធានវិទ្យុវីអូឌី លោក ប៉ា ងួនទៀង នៅព្រឹកមិញនេះ បានផ្តល់ប្រយោជន៍ជាច្រើនដល់ចៅក្រមស៊ើបសួរ ។ ប្រសាសន៍បញ្ជាក់អំពីការផ្តល់ប្រយោជន៍នេះ បានធ្វើឡើងបន្ទាប់ពី លោក ប៉ា ងួនទៀង ក្នុងនាមជាសាក្សីបាន អញ្ជើញចូលបំភ្លឺជុំវិញបញ្ហាពាក់ព័ន្ធសូកប៉ាន់សាក្សី ក្នុងសំណុំរឿងស្នេហាអាស្រូវ រវាងប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ

     សូមជំរាបថា រហូតមកទល់នឹងពេលនេះ រឿងសង្ស័យពាក់ព័ន្ធនឹងអំពើសូកប៉ាន់សាក្សី ត្រូវតុលាការបានឃុំខ្លួនមនុស្ស ៥នាក់ ហើយរួមមាន លោក នី សុខាលោក យី សុខសាន្តលោក ណៃ វ៉ងដាលោកស្រី លឹម មុនី និង លោក នី ចរិយា

     នៅថ្ងៃទី២៤ សីហា សប្តាហ៍ក្រោយ ប្រធានផ្នែកស្ត្រីសមាគមអាដហុក លោកស្រី ឆន សុគន្ធា នឹងត្រូវតុលាការកោះហៅមកសាកសួរ ក្នុងនាមជាសាក្សីបំភ្លឺពាក់ព័ន្ធនឹងអំពើសូកប៉ាន់សាក្សី នេះផងដែរ ។ ដោយឡែកនៅក្នុងការផ្តល់ចម្លើយកាលពីព្រឹកមិញ មន្ត្រីតុលាការដែលបង្ហាញការពេញចិត្តនឹងចម្លើយរបស់ លោក ប៉ា ងួនទៀង បានថ្លែងថា ចៅក្រមនឹងសម្រេចបន្តស៊ើបសួរបន្ថែមទៀត ។

     គួរកត់សម្គាល់ថា តួអង្គធំនៃសំណុំរឿងដែលពាក់ព័ន្ធនេះ គឺប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលបានគេចវេសមិនព្រមទទួលខុសត្រូវ លើរឿងអាស្រូវស្នេហា ។ ភាពមិនទទួលខុសត្រូវនេះ បាននាំអោយសំណុំរឿងអាស្រូវនេះ ចេះតែបន្តទៅមុខដើម្បីស្វែងរកយុត្តិធម៌ តាមបណ្តឹងរបស់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ