តើបុគ្គលបែបណាអាចចុះឈ្មោះបោះឆ្នោតបាន? តើការចុះឈ្មោះឆ្នោតថ្មី តម្រូវឲ្យមានឯកសារអ្វីខ្លះ?


(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នេះ បានប្រកាសដាក់ឲ្យដំណើរការ នៃការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ ដែលជាកម្មវិធីថ្មីសន្លាងមួយ នៅក្នុងប្រទេសកម្ពុជា ហើយគេរំពឹងថា ការចុះបញ្ជីឈ្មោះតាមប្រព័ន្ធកុំព្យូទ័រនេះ នឹងជួយឲ្យបញ្ជីឈ្មោះអ្នកបោះឆ្នោត មានភាពល្អប្រសើរ សុក្រឹត្យ និងត្រឹមត្រូវជាងបញ្ជីឈ្មោះអ្នកបោះឆ្នោតចាស់។

តើបុគ្គលបែបណាអាចចុះឈ្មោះបោះឆ្នោតបាន ហើយទាមទារឲ្យមានឯកសារអ្វីខ្លះ?

លោក ទេព នីថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានថ្លែងនៅក្នុងប្រកាសដាក់ឲ្យដំណើរការនៃការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី កាលពីរសៀលម្សិលមិញថា ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ រួមទាំងព្រះសង្ឃ ត្រូវបំពេញតាម លក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖

– ត្រូវចូលទៅបង្ហាញខ្លួន ដោយភ្ជាប់ជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅចំពោះមុខក្រុមអ្នកចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតនានាតាមឃុំ-សង្កាត់

– ត្រូវមានសញ្ជាតិខ្មែរ ដោយមានឯកសារបញ្ជាក់នានា

– ត្រូវមានអាយុ ១៨ឆ្នាំឡើងទៅ គិតត្រឹមថ្ងៃបោះឆ្នោត

– មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ ឬ មិនត្រូវបានដកហូតសិទ្ធិបោះឆ្នោត

– ពុំមែនជាជនវិកលចរិត ស្ថិតក្រោមអាណាព្យាបាលទូទៅ ដែលមានការបញ្ជាក់ពីស្ថាប័ន

ជំនាញ

– មិនទាន់បានចុះឈ្មោះ ឬ ក៏ចុះឈ្មោះហើយនៅក្នុងឃុំ-សង្កាត់ កំពុងចុះឈ្មោះបោះឆ្នោត

សម្រាប់ឯកសារ ដែលបម្រើដល់ការចុះឈ្មោះបោះឆ្នោតវិញរួមមាន៖

– អត្តសញ្ញាណបណ្ណទាំងមានសុពលភាព និងផុតសុពលភាព

– បើគ្មានអត្តសញ្ញាណបណ្ណ គឺត្រូវមានឯកសារ ឬលិខិតបញ្ជាក់អត្តសញ្ញាណដូចជាសំបុត្របញ្ជាក់កំណើត ឬជាព្រះរាជក្រឹត្យ និងសេចក្តីសម្រេចពីតុលាការជាដើម ភ្ជាប់ជាមួយសាក្សីពីរនាក់ និងរូបថត ដើម្បីសុំលិខិតបញ្ជាក់អត្តសញ្ញាណពីមេឃុំ ឬចៅសង្កាត់។

បើតាម លោក ទេព នីថា ដំណើរការចុះឈ្មោះបោះឆ្នោតនេះ ត្រូវចែកចេញជា ៤ដំណាក់កាល។ ក្នុងនោះដំណាក់កាលទី១ និងទី២ អនុវត្តដោយប្រធានក្រុមអ្នកចុះឈ្មោះបោះឆ្នោត។ ក្នុងដំណាក់កាលនេះ ប្រធានក្រុមអ្នកចុះឈ្មោះបោះឆ្នោត ត្រូវជួបសម្ភាសន៍សួរនាំអ្នកចុះ ឈ្មោះបោះឆ្នោត ពីឯកសារអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងប្រវត្តិ នៃការចុះឈ្មោះបោះឆ្នោត។

ដំណាក់កាលទី៣ ត្រូវជួបជាមួយអនុប្រធានក្រុមអ្នកចុះឈ្មោះបោះឆ្នោត ដែលត្រូវសម្ភាសន៍បន្ថែមពីទីលំនៅ ដើម្បីកំណត់ការិយាល័យបោះឆ្នោតនៅក្នុងឃុំ សង្កាត់ ដែលអ្នកចុះឈ្មោះបោះឆ្នោតរស់នៅ។

រីឯដំណាក់កាលចុងក្រោយ អ្នកចុះឈ្មោះបោះឆ្នោត ត្រូវជួបជាមួយការីកុំព្យូទ័រ ដើម្បីបញ្ចូលទិន្នន័យទៅក្នុងកុំព្យូទ័រ ដើម្បីជ្រើសរើសការិយាល័យបោះឆ្នោត ស្កែនមេដៃ ថតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បញ្ចូលលេខអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ និងត្រូវថតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បញ្ចូលអត្តលេខរបស់អ្នកបោះឆ្នោត បញ្ចូលទិន្នន័យរបស់អ្នកបោះឆ្នោតម្នាក់ៗ ដែលមានឈ្មោះ ភេទ អាយុ ថ្ងៃខែឆ្នាំកំណើត ហើយត្រូវថតរូបអ្នកបោះឆ្នោត រួមទាំងឯកសារពាក់ព័ន្ធផ្សេង។

ក្រោយពេលបញ្ចូលទិន្នន័យហើយ អ្នកចុះឈ្មោះត្រូវធ្វើការផ្ទៀងផ្ទាត់ឲ្យបានជាក់លាក់។ ក្រោយផ្ទៀងផ្ទាត់ពិនិត្យឃើញថា ត្រឹមត្រូវអស់ហើយ ការីកុំព្យូទ័រនឹងបញ្ជូនទិន្នន័យរបស់អ្នកចុះឈ្មោះបោះឆ្នោតទៅម៉ាស៊ីនមេ។

លោក ទេព នីថា បានបញ្ជាក់ផងដែរថា ប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោតថ្មីតាមកុំព្យូទ័រនេះ គឺមានភាពល្អប្រសើរ ហើយលោករំពឹងថា ការចុះឈ្មោះអ្នកបោះឆ្នោតនឹងធ្វើបានទាន់ពេលវេលាសម្រាប់បោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់នៅឆ្នាំ២០១៧។

សូមបញ្ជាក់ថា គ.ជ.ប នឹងបើកឲ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស អាចចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះតទៅ។ សម្រាប់ការចុះឈ្មោះបោះឆ្នោតថ្មីនេះ កម្មករ កម្មការិនី អាចធ្វើការចុះនៅតាមតំបន់ដែលពួកគេកំពុងបម្រើការងារ ដោយមិនចាំបាច់ធ្វើដំណើរទៅចុះឈ្មោះនៅតាមស្រុកកំណើតដូចពេលមុននោះឡើយ។

បើតាមរបាយការណ៍របស់ គ.ជ.ប បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុបោះឆ្នោតមានចំនួន ៩,៦៦៤,២១៦នាក់ ស្រី ៥,០៤៩,០១១នាក់ និងមានការិយាល័យបោះឆ្នោតសរុប ២២,៣៣៧៕