ឯកឧត្តម ឆាយ ថន អញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្តល់អំណោយថ្នាំពេទ្យ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៣៥១នាក់


ថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ឋិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៨ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្តល់អំណោយថ្នាំពេទ្យ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៣៥១នាក់ ជូនដល់ប្រជាពលរដ្ឋប្រមាណជាង៥ពាន់នាក់ ព្រមទាំងចែកអាហារសម្រន់ជានំបុ័ង និងទឹកសុទ្ធផងដែរ ។ ការចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ តាមការសំណូមពររបស់ ឯកឧត្តម ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាន ប៊ុនធឿន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីថែរក្សាបាននូវសុខសន្តិភាពសំបូររុងរឿងជូនជាតិមាតុភូមិ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី6 និងអាណត្តិបន្តបន្ទាប់ទៀត ។
បងប្អូនប្រជាពលរដ្ឋ ក៏បានសម្ដែងនូវក្ដីសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក៏ដូចជា ឯកឧត្តម ប៉ាន ប៊ុនធឿន ដែលបានធ្វើអោយពិធីនេះទទួលបានលទ្ឋផលល្អប្រសើរ។