ឯកឧត្តម វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឲ្យប្រើប្រាស់នូវគោលការណ៍ណែនាំស្តីពីប្រព័ន្ធផែនការតាមដាន និងវាយតម្លៃ


នៅសាលប្រជុំសែនពិដោរនៃទីស្តីការក្រសួងនារសៀលថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា គ.ស ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឲ្យប្រើប្រាស់នូវគោលការណ៍ណែនាំស្តីពីប្រព័ន្ធផែនការតាមដាន និងវាយតម្លៃ ដែលពិធីនេះត្រូវបានរៀបចំដោយក្រុមការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង សហការជាមួយនាយកដ្ឋានផែនការនិងស្ថិតិ ក្នុងគោលបំណង÷ ទី១. ធ្វើការផ្សព្វផ្សាយនិងដាក់ឱ្យប្រើប្រាស់នូវគោលការណ៍ណែនាំនេះសំដៅបង្កើនប្រសិទ្ធភាពអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទី២. ជួយជំរុញឱ្យមានអភិបាលកិច្ចល្អ និងតម្លាភាពក្នុងការគ្រប់គ្រងថវិកាជាតិ ជាពិសេសការចំណាយដែលនឹងត្រូវកែលម្អ ការគ្រប់គ្រងនិងគណនេយ្យភាពឱ្យមានលក្ខណៈស្តង់ដារ ក្នុងការប្រើប្រាស់នូវធនធានថវិកាទាំងចរន្ត និងមូលធនប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមបានថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រុមការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង និងនាយកដ្ឋានផែនការនិងស្ថិតិដែលបានរៀបចំពិធីនេះឡើង និងថ្លែងអំណរគុណចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធី និងជាពិសេសបានជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងថវិកានាពេលកន្លងមកក្នុងការរៀបចំធ្វើបច្ចុប្បន្នភាពលើគោលការណ៍ណែនាំនេះ។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនអង្គពិធីថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគឺគោលនយោបាយផ្លាស់ប្តូរពីប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើធាតុចូលនិងមជ្ឈការ ទៅជាសមិទ្ធកម្មនិងវិមជ្ឈការ។ ប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើ លទ្ធផលឬសមិទ្ធកម្មនេះគឺជាប្រព័ន្ធផ្សារភ្ជាប់ការវិភាគថវិកាទៅនឹងសកម្មភាព ដែលជាតម្រូវការជាក់ស្តែង និងក្នុងក្របខ័ណ្ឌកម្មវិធីច្បាស់លាស់ ឆ្លើយតបនឹងគោលបំណងគោលនយោបាយអាទិភាពរបស់ក្រសួង ដើម្បីធានាថាថវិកាពិតជាដើរតួនាទីសំខាន់ និងជាឧបករណ៍នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយភាពស័ក្តិសិទ្ធ និងប្រសិទ្ធភាពពិតប្រាកដមែន។ កម្មវិធីនេះ ត្រូវបានអនុវត្តជាបួនដំណាក់កាល ទី១.ពីឆ្នាំ២០០៥-២០០៨ ផ្តោតទៅលើការបង្កើនភាពជឿទុកចិត្តលើថវិកា សំដៅពង្រឹងការគ្រប់គ្រងនិងការប្រមូលចំណូល និងការពង្រឹងការគ្រប់គ្រងសាច់ប្រាក់ និងគណនីទោល។ ទី២.ពីឆ្នាំ ២០០៩-២០១៥ ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ ផ្តោតលើការរៀបចំប្លង់គណនីថ្មី ការបង្កើតអង្គភាពថវិកា និងការតម្លើងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុ។ ទី៣.ពីឆ្នាំ២០១៦-២០២០ ការផ្សារភ្ជាប់រវាងថវិកាទៅនឹងគោលនយោបាយ ដោយធ្វើការកែលម្អគុណភាពនៃវដ្តថវិកា ការរៀបចំ ការអនុម័ត និងការអនុវត្តថវិកា ការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ហើយទី៤.គឺការបង្កើនគណនេយ្យភាពចំពោះសមិទ្ធកម្ម (២០២១-២០២៥) ដោយសំដៅពង្រឹងលើការគ្រប់គ្រង និងវាយតម្លៃលទ្ធផលនិងសមិទ្ធកម្ម។
ដើម្បីធ្វើកំណែរទម្រង់វិស័យកសិកម្មកម្ពុជានាពេលអនាគត ជាចាំបាច់ត្រូវការថវិកាសម្រាប់អនុវត្តទាំងការអនុវត្តថវិកាកម្មវិធីរបស់រដ្ឋ និងទាំងការអនុវត្តថវិកាហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍នានា ដែលតម្រូវឱ្យមានការរៀបចំគម្រោងកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាពជាក់លាក់ ស្របតាមគោលការណ៍ណែនាំស្តីពីប្រព័ន្ធផែនការ តាមដាន និងវាយតម្លៃ ដែលនឹងត្រូវដាក់ឱ្យអនុវត្តនាអនាគតដ៏ខ្លី ហើយគោលការណ៍នេះទៀតសោតគឺសំដៅឆ្លើយតបលើកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដើម្បីធានាឲ្យមានប្រសិទ្ធភាពនិងការបង្កើនភាពជឿទុកចិត្តនៃថវិកាសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម។ ម៉្យាងវិញទៀត គោលការណ៍នេះនឹងអាចឲ្យអ្នកប្រើប្រាស់ទាញយកព័ត៌មានស្តីពីការចំណាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយពិតណាស់របាយការណ៍នេះគឺជាឧបករណ៍យ៉ាងសំខាន់សម្រាប់ផ្តល់ព័ត៌មាន និងជាមូលដ្ឋានវាយតម្លៃលទ្ធផលសម្រេចបានទាំងទិដ្ឋភាពគោលនយោបាយនិងយុទ្ធសាស្រ្តរបស់អង្គភាពថវិកានីមួយៗ ដែលព័ត៌មានទាំងនេះអាចជាបច្ច័យនាំទៅដល់ការសម្រេចចិត្ត ដើម្បីផ្លាស់ប្តូរយុទ្ធសាស្រ្ត កែសម្រួលទំហំថវិកា ឬផ្លាស់ប្តូររបៀបគ្រប់គ្រងថវិកាកម្មវិធី។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជូនអនុសាសន៍សំខាន់ៗដល់អង្គពិធីដើម្បីយកទៅអនុវត្តបន្ត សម្រាប់កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈនេះឲ្យសមស្របតាមយុទ្ធសាស្ត្រចតុកោណ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ដែលអនុសាសន៍ទាំងនោះរួមមានដូចតទៅ៖ ១. គ្រប់អង្គភាពថវិកា ត្រូវយកចិត្តទុកដាក់អនុវត្តគោលការណ៍គ្រឹះ៣គឺ៖ (ក). ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ និងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមបច្ចេកវិទ្យាព័ត៌មាន (ខ).ការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយនិង គណនេយ្យភាពសមិទ្ធកម្ម ដោយបន្តពង្រឹងនិងពង្រីកការអនុវត្តថវិកាកម្មវិធី ព្រមទាំងការកែលម្អការអនុវត្តផែនការយុទ្ធសាស្ត្រថវិកា ស្របតាមឯកសារទស្សនទានស្តីពីទិសដៅយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកា និង(គ).បង្កើនសមត្ថភាព និងការចូលរួមប្រកបដោយភាពជាម្ចាស់ និងបុរេសកម្មរបស់អង្គភាពជំនាញ ដើម្បីធានាជោគជ័យនៃការអនុវត្តកម្មវិធីនេះ។ ២.គ្រប់អង្គភាពថវិកា ទាំងថ្នាក់កណ្តាលនិងរាជធានីខេត្តត្រូវយកចិត្តទុកដាក់រៀបចំនិងអនុវត្តផែនការថវិកាក្នុងក្រប ខ័ណ្ឌថវិកាឱ្យបានល្អប្រសើរ មានប្រសិទ្ធភាព ផ្អែកតាមគោលការណ៍ណែនាំស្តីពីប្រព័ន្ធផែនការ តាមដាន និងវាយតម្លៃនេះ។ ៣. ប្រធានអង្គភាពថវិកា ត្រូវមានស្មារតីទទួលខុសត្រូវ ក្នុងភាពជាម្ចាស់លើការគ្រប់គ្រង និងការអនុវត្តថវិការបស់ ខ្លួនឲ្យមានតម្លាភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ប្រព័ន្ធផែនការ តាមដាន និងវាយតម្លៃ គឺទាមទារឱ្យមានការចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលខុសត្រូវ។ ដូច្នេះ គ្រប់អង្គភាពថវិកា ត្រូវចាត់តាំងមន្ត្រីមានសមត្ថភាពឱ្យប្រតិបត្តិប្រព័ន្ធនេះ ពិសេសមន្ត្រីដែលយល់ដឹងអំពីបច្ចេកទេសព័ត៌មានវិទ្យា ក្នុងការតាមដាននិងវាយតម្លៃតាមប្រព័ន្ធកំព្យូទ័រ។ ៤. ដើម្បីពង្រឹងការអនុវត្តគោលការណ៍ណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងនាយកដ្ឋានផែនការនិងស្ថិតិ ត្រូវត្រួតពិនិត្យកិច្ចការនេះឱ្យបានហ្មត់ចត់ សំដៅធានាថាគ្រប់អង្គភាពថវិកាទាំងអស់ អនុវត្តការរៀបចំផែនការថវិកា ការតាមដាន និងវាយតម្លៃ ទៅតាមទម្រង់ដែលបានណែនាំដាក់ឱ្យប្រើប្រាស់នេះ។ ៥. ផែនការយុទ្ធសាស្រ្តថវិកា គឺជាយន្តការមួយនៃដំណើរការរៀបចំថវិកម្មវិធីកាប្រចាំឆ្នាំ ដែលបានដាក់ឲ្យអនុវត្តក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងទិសដៅយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកា ដែលក្រសួងស្ថាប័ននិងអង្គភាពថវិកានីមួយៗ ត្រូវរៀបចំឲ្យបានត្រឹមត្រូវ មានតម្លាភាព និងមានគណនេយ្យភាព ដើម្បីអនុវត្តកម្មវិធីក្នុងគោលដៅសម្រេចគោលនយោបាយរបស់ក្រសួងដែលបានដាក់ចេញ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ ការរៀបចំថវិកាកម្មវិធី គឺជាយន្តការមួយដើម្បីធ្វើការបែងចែកធនធានតាមកម្មវិធី អនុកម្មវិធី ចំណាយមានសង្គតភាពជាមួយនឹងគោលនយោបាយរបស់វិស័យ និងអាទិភាពរបស់ក្រសួង។ ក្នុងន័យនេះ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាក្រុមការងាររៀបចំផែនការថវិកា និងគ្រប់អង្គភាពថវិកា ត្រូវយកចិត្តទុកដាក់រៀបចំកសាងផែនការនេះឱ្យបានល្អប្រសើរ។ ៦. ដើម្បីជំរុញការអនុវត្តគោលការណ៍ណែនាំស្តីពីប្រព័ន្ធផែនការ តាមដាន និងវាយតមៃ្ល ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់នោះ ការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ ការតាមដាន និងវាយតម្លៃ គឺជាគោលដៅអាទិភាពរបស់ក្រសួង។ ក្រុមការងាររៀបចំផែនការថវិការបស់ក្រសួង ពិសេសនាយកដ្ឋានផែនការនិង ស្ថិតិ នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធត្រូវខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញការងារបណ្តុះបណ្តាល ការគាំទ្របច្ចេកទេស ការរៀបចំឲ្យមានការតាមដាន វាយតម្លៃ និងការរៀបចំរបាយការណ៍បានទៀងទាត់ និងមានភាពច្បាស់លាស់ និងការចុះទៅជួយដល់អង្គភាពថវិកាទាំងនោះ គឺជាការចាំបាច់បំផុត។