លោកជំទាវ ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីតភ្ជាប់ព្រះកេស រូបបដិមាចតុមុខ


លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី តភ្ជាប់ព្រះកេស រូបបដិមាចតុមុខ នៅប្រាសាទចតុមុខ ដែលស្ថិតនៅភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។

ការរៀបចំពិធីថ្ងៃនេះជាលើកទី២ហើយ ដែលពីលើកទី១ លោកជំទាវកិត្តិសង្គហបណ្ឌិតបានអញ្ជើញក្រុងពាលីជួសជុល ឡើងវិញនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ ។

ដោយឡែកនៅថ្ងៃនេះចាប់តាំងពីថ្ងៃចាប់ផ្តើមជួសជុលឡើងវិញមានរយៈពេល ជិត៣ខែហើយ ដែលសំណង់បានរួចរាល់ប្រមាណជា៨០%ហើយ ។ ការជួសជុលឡើងវិញនេះ គឺជាការចូលរួម ចំណែកក្នុងការថែរក្សា និងអភិរក្សនូវបេតិកភណ្ឌជាតិ ដែលជាស្នាដៃរបស់បុព្ធបុរសយើងបានបន្សល់ទុករហូត ដល់បច្ចុប្បន្ននេះ មួយផ្នែកទៀតទុក សម្រាប់ជាការសិក្សាស្រាវជ្រាវសម្រាប់អ្នកជំនាន់ៗក្រោយតទៅទៀត និងមួយផ្នែកទៀត គឺជាការចូលរួមក្នុងការជម្រុញវិស័យ ទេសចរណ៍ក្នុងខេត្តព្រះវិហារឲ្យរីកលូតលាស់បន្ថែមមួយកម្រិតទៀត។

លោកជំទាវក៏បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ជាពិសសេស ក្រុមអ្នកជំនាញ និងជាងដែលបានខិតខំយកអស់កម្លាំងចិត្តក្នុងការចូលរួមក្នុងដំណើរការជួសជុលនេះប្រព្រឹត្តទៅបានយ៉ាងរលូន៕