ព្រឹទ្ធសភាពិនិត្យការស្នើដកអភ័យឯកសិទ្ធ លោកស្រី ថាក់ ឡានី


Lak Thany 31 08 16 copy

     ព្រឹទ្ធសភានឹងពិនិត្យលើសេចក្តីស្នើសុំដកអភ័យឯកសិទ្ធិ របស់សមាជិកព្រឹទ្ធសភា លោកស្រី ថាក់ ឡានី ដែលកំពុងរងការប្តឹងនៅតុលាការ ។ ស្ថាប័នព្រឹទ្ធសភាគ្រោងនឹងពិនិត្យលើករណីនេះ នៅថ្ងៃទី៣១ ខែសីហា តាមសេចក្តី ស្នើរបស់អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ។

     អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ លោក អ៊ុក សាវុធ បានមានប្រសាសន៍ថា ការស្នើដកអភ័យឯកសិទ្ធិនេះ គឺដើម្បីរកលទ្ធភាពនៃការស៊ើបអង្កេតទាក់ទងនឹងការចោទប្រកាន់ ។ សមាជិកព្រឹទ្ធសភា ថាក់ ឡានី នៃគណបក្សសមរង្ស៊ី បានរងការប្តឹងពីមេធាវីរាជរដ្ឋាភិបាល ក្រោយការនិយាយចោទប្រកាន់កាលពីថ្ងៃទី២៩ ខែកក្កដា ក្នុងវេទិកាសាធារណៈមួយក្នុងខេត្តរតនគីរី ថា សម្តេចនាយករដ្ឋមន្ត្រីបានបាញ់ លោក កែម ឡី ដែលជាអ្នកវិភាគនយោបាយ ។

     លោកស្រី ថាក់ ឡានី បានបដិសេធការចោទប្រកាន់និង និយាយថាសម្តីរបស់លោកស្រីត្រូវបានគេកាត់ត ប៉ុន្តែតុលាការបានតម្រូវរកភស្តុតាងបញ្ជាក់ជុំវិញបញ្ហានោះ ។ នៅថ្ងៃទី៨ ខែសីហា តុលាការបានកោះហៅ លោកស្រី ថាក់ ឡានី ដើម្បីចូលបំភ្លឺលើកដំបូង ដែលនៅពេលនោះ លោក ស្រីថាក់ ឡានី បានស្នើសុំពន្យា ប៉ុន្តែត្រូវតុលាការបានបដិសេធ ។ ការកោះហៅលើកទី២ បានធ្វើនៅថ្ងៃទី១៧ ខែសីហា ប៉ុន្តែ លោកស្រី ថាក់ ឡានី បានបដិសេធការចូលបំភ្លឺនោះថែមទៀត ។ ការបដិសេធមិនសហការនេះ បាននាំឱ្យអយ្យការតុលាការបានសម្រេច ស្នើរកការស៊ើបអង្កេតតាមផ្លូវច្បាប់ ។ យោងតាមផ្លូវច្បាប់ ការស៊ើបអង្កេតអាចប្រព្រឹត្តទៅបានលុះត្រាតែអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភា ត្រូវបានព្យួរបណ្តោះអាសន្នសិន ។

     យោងតាមពាក្យបណ្តឹង មេធាវីរាជរដ្ឋាភិបាលបានសុំឱ្យតុលាការផ្តន្ទាទោស លោកស្រី ថាក់ ឡានី តាមផ្លូវច្បាប់ និងទាមទារការសងជម្ងឺចិត្តចំនួនទឹកប្រាក់ចំនួន ១រយរៀល ផងដែរ ។