ឯកឧត្តម សុខ ឥសាន បានលើកឡើងថាកត្តាកំណត់ជោគវាសនា ប្រទេសជាតិគឺស្ថិតនៅលើ ប្រជាជនកម្ពុជាក្នុងស្រុក


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (ប្រ.ជ) ឯកឧត្តម សុខ ឥសាន បានលើកឡើងថាកត្តាកំណត់ជោគវាសនា ប្រទេសជាតិគឺស្ថិតនៅលើ ប្រជាជនកម្ពុជាក្នុងស្រុក ហើយអតីតបក្សប្រឆាំង កុំសង្ឃឹមទៅលើការធ្វើបាតុកម្ម យ៉ាងអនាធិបតេយ្យនៅក្រៅស្រុក។

ថ្មីៗនេះ អតីតអ្នកគាំទ្របក្សប្រឆាំងបានបង្ហើបថា នឹងធ្វើមហាបាតុកម្មនៅប្រទេសកូរ៉េខាងត្បូងដើម្បីប្រឆាំងនឹងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ខាងមុខ ។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ថា ទោះបីពួកគេធ្វើមហាបាតុកម្ម ក៏មិនអាចរារាំង ឬបំផ្លាញការបោះឆ្នោតបានជាដាច់ខាត ។ ម៉្យាងវិញទៀត ការញុះញង់ឲ្យប្រជាជននៅក្នុងស្រុក រងទុក្ខវេទនា ជំនួសពួកខ្លួននោះ ឥតប្រយោជន៍ទេ គ្មានប្រជាជនកម្ពុជាណាម្នាក់ទៅឆោតល្ងង់តាមខ្លួននោះទេ។

ឯកឧត្តមបន្តថា “ដូច្នេះទោះបីចង់បង្ហាញកម្លាំងយ៉ាងណា ក៏អត់កម្លាំងដែរ កត្តាកំណត់ ស្ថិតនៅលើប្រជាជនកម្ពុជាក្នុងស្រុកឯណេះទេ កុំសង្ឃឹមលើការធ្វើបាតុកម្មអនាធិបតេយ្យ នៅក្រៅប្រទេសនោះឲ្យសោះ”។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងទៀតថា ការញុះញង់ឲ្យប្រជាពលរដ្ឋនៅក្រៅស្រុកធ្វើបាតុកម្មប្រឆាំងការបោះឆ្នោត គ្រាន់តែបង្កើនទម្ងន់ពិរុទ្ធភាពរបស់ពួកឧទ្ទាមក្រៅច្បាប់ប៉ុណ្ណោះ។

អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ការធ្វើបាតុកម្មបង្ហាញកម្លាំងដែលអត់ខ្លាំងរបស់ពួកឧទ្ទាមក្រៅច្បាប់មួយក្តាប់តូច នៅកូរ៉េខាងត្បូង ដែលបានដាក់ផែនការធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ២០១៨ គឺដើម្បីបង្ហាញកម្លាំងបះបោរតែប៉ុណ្ណោះ ក៏ប៉ុន្តែទោះជាពួកគេមានគម្រោងបង្ហាញកម្លាំងយ៉ាងណា ក៏គ្រាន់តែជាកម្លាំងអត់បានការគ្មានន័យសម្រាប់ប្រជាជន កម្ពុជាក្នុងប្រទេសឡើយ៕