ឯកឧត្តម សុខ ឥសាន បានអះអាងថាការដែលអ្នកចូលរួមសង្កតការណ៍ជាតិ មួយចំនួនមិនចូលរួមសង្កេតការណ៍បោះឆ្នោត ជារឿងបន្ទាប់សន្សំ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានអះអាងថាការដែលអ្នកចូលរួមសង្កតការណ៍ជាតិ មួយចំនួនមិនចូលរួមសង្កេតការណ៍បោះឆ្នោត ជារឿងបន្ទាប់សន្សំ សំខាន់មានអ្នកសង្កេតការណ៍មកពីបរទេសចូលរួមនោះ ការបោះ ឆ្នោតទទួលយកជាការបានការហើយ ទោះបីជាភាគីអន្តរជាតិមួយចំនួនប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតក៏ដោយ។

ការលើកឡើងរបស់អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជានេះ ដោយសារតែលោកថារាល់ការបោះឆ្នោរម្តងៗទោះបីជាមានអ្នក សង្កេតការណ៍អន្តរជាតិ ចូលរួមពិនិត្យមើលការបោះឆ្នោតក្តី ក៏អតីតបក្សប្រឆាំងនៅតែមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ យ៉ាងដូច្នេះថាជាការកត់សម្គាល់រៀងរាល់លើកនៃការបោះឆ្នោត ចាប់ពីឆ្នាំ១៩៩៨មក ទោះបីមានអ្នកស ង្កេតការណ៍ជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ចូលរួមសង្កេតការណ៍ ហើយវាយតម្លៃល្អយ៉ាងណា ក៏អតីតបក្សប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី នៅតែមិនយកជាបានការដដែលហើយដឹកនាំធ្វើបាតុកម្មតូច-ធំប្រឆាំងលទ្ធផល បោះឆ្នោតជានិច្ច ។

ឯកឧត្តមបញ្ជាក់ថា ជាក់ស្តែងការបោះឆ្នោតឆ្នាំ១៩៩៨ ដែលសហគមន៍អឺរ៉ុបបានវាយតម្លៃថា ជាអច្ឆរិយៈតាមដងទន្លេមេគង្គ ក៏ទណ្ឌិត សម រង្ស៊ី នៅតែប្រកាសមិនទទួលស្គាល់ការបោះឆ្នោត ហើយថែមទាំងដឹកនាំធ្វើបាតុកម្មរហូតដល់មានស្លាប់មនុស្សទៀតផង ។ បើទណ្ឌិត សម រង្ស៊ី យកការសង្កេតការណ៍ជាបានការហេតុអី្វបានជាមិនអើពើនឹងការវាយតម្លៃរបស់អ្នកសង្កេតការណ៍ជាតិ អន្តរជាតិរាប់ម៉ឺននាក់ ?  ការបោះឆ្នោតឆ្នាំ២០០៣-២០០៨ និងជាពិសេសឆ្នាំ២០១៣ ដែលមានអ្នកសង្កេតការណ៍ជាង១០ ម៉ឺននាក់ចូលរួមសង្កេតការណ៍ តែសម រង្ស៊ី និងបក្ខពួកនៅតែឡាំប៉ា ដដែល នៅពេលដឹងថា ខ្លួនចាញ់ឆ្នោត។

ឯកឧត្តម សុខ ឥសាន ក៏បានលើកឡើងថា តាមការពិតពួកប្រឆាំងយកការសង្កេតការណ៍បោះឆ្នោតគ្រាន់តែជារបាំងសម្រាប់ផលចំណេញដល់ខ្លួនប៉ុណ្ណោះ។ តែបើខ្លួនចាញ់ ខ្លួននៅតែមិនអើពើនឹងការវាយតម្លៃរបស់អ្នកសង្កេតការណ៍ដដែល។ ឥឡូវនេះ ការបោះឆ្នោតឆ្នាំ ២០១៨ ពួកគេបានឲ្យតម្លៃទៅលើការសង្កេតការណ៍ ហើយបាននិយាយទុកជាមុនថា បើអត់អ្នកសង្កេតការណ៍ពីបណ្តាប្រទេសលោកសេរី ការបោះឆ្នោតមិនបានការ ។

ឯកឧត្តមបញ្ជាក់ថា “ដូច្នេះការមានអ្នកសង្កេតការណ៍ ឬមិនមានវាគ្រាន់ជាកត្តាបន្ទាប់បន្សំប៉ុណ្ណោះ មិនមែនជាក្តាកំណត់ថា ត្រូវតែមានប្រទេសនេះ ប្រទេសនោះចូលរួមស ង្កេតការណ៍ ទើបការបោះឆ្នោតនឹងយកជាបានការនោះទេ ។ ការបោះឆ្នោតចាត់ទុកជាបានការអាស្រ័យលើប្រជាជនកម្ពុជា ជាម្ចាស់ឆ្នោតជាអ្នកសម្រេចកំណត់ទទួលស្គាល់មិនអាស្រ័យលើជនបរទេសជាអ្នកកំណត់ជំនួសម្ចាស់ប្រទេសនោះឡើយ ។ នេះហើយហៅថា ប្រជាធិបតេយ្យនៅប្រទេសណា គឺប្រជាជនប្រទេសនោះ ជាអ្នកសម្រេចកំណត់”។

សូមជម្រាបថា ការលើកឡើងរបស់អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលស្គាល់ទាំងអ្នកសង្កេតការណ៍ជាតិ  និងអន្តរជាតិចំនួន៥ម៉ឺននាក់ គិតត្រឹមថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៨កន្លងមក៕