កិច្ចប្រជុំព្រំដែនកម្ពុជា និងវៀតណាមជាប់គាំង


Border 31 08 16 2 copy

     កិច្ចប្រជុំ ២ថ្ងៃ រវាងក្រុមការងារព្រំដែនជាតិនៃប្រទេសកម្ពុជា និងវៀតណាម បានស្ថិតក្នុងភាពទ័លច្រកដោយមិនមានការចេញសេចក្តីប្រកាសលទ្ធផលរួមណាមួយនោះឡើយ ។ កិច្ចប្រជុំគណៈកម្មាធិការចំរុះព្រំដែន កម្ពុជា-វៀតណាមរយៈពេល ២ថ្ងៃនេះ  គឺភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង និងពីភាគីវៀតណាម ដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ឯកឧត្តមLe Hoai trung

     ប្រធានគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា ឯកឧត្តម វ៉ា គឹមហុង បានថ្លែងថា ភាពជាប់គាំងនៃ ការមិនឯកភាពគ្នានោះហើយ  បាននាំឲ្យគ្មានការចេញសេចក្តីថ្លែងការណ៍ រួមនោះឡើយរវាងភាគីទាំងពីរ ។ ឯកឧត្តម វ៉ា គឹមហុង បានបន្តថា ក្នុងកិច្ចប្រជុំពេញអង្គ កម្ពុជាបានលើកឡើងទាំងអស់ អំពីបញ្ហា វៀតណាមជីកស្រះ និងសង់ប៉ុស្តិ៍នៅតាមព្រំដែនកម្ពុជា ។ លោកបានបញ្ជាក់ថា ទោះបីជាកិច្ចប្រជុំ មិនមានការឯកភាពគ្នាក៏ដោយ ក៏កម្ពុជានៅតែប្រកាន់គោលជំហរដដែល គឺកម្ពុជានៅតែទាមទារ និងធ្វើកំណត់ការទូត តវ៉ាឲ្យបញ្ឈប់ និងលុបស្រះដែលជីកថ្មីនោះវិញជាបន្តទៀត ។

     ឯកឧត្តមទេសរដ្ឋមន្រ្តីបញ្ជាក់ថា ដោយសារការមិនឯក ភាពគ្នារវាងភាគីទាំង២ និងការមិនបានចេញសេចក្តីថ្លែងការណ៍រូម គឺគេគ្រោងនឹងបញ្ជូនសេចក្តីព្រាងកំណត់ហេតុរបស់កម្ពុជា ទៅកាន់ទីក្រុងហាណូយ តាមរយៈការទូត… ហើយវៀតណាមក៏នឹងបញ្ជូនមកកម្ពុជាវិញ តាមរយៈការទូតនោះដែរ ។ ឯកឧត្តម វ៉ា គឹមហុង បានបញ្ជាក់ទៀតថា គេនឹងមានការចរចាជាបន្តទៀត នៅពេលសមស្របណាមួយ ដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតគ្នា លើបញ្ហាព្រំដែននេះ ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបញ្ជាក់ថា គេនឹងបន្តព្យាយាមរកដំណោះស្រាយបន្ថែមទៀត ដើម្បីឈានដល់ការចេញសេចក្តីថ្លែងការណ៍រួម និងដាក់លិខិតទៅកាន់ប្រទេសបារាំង ដើម្បីស្នើសុំអ្នកបច្ចេកទេស មកជួយវាស់វែងលើការកំណត់ព្រំដែនកម្ពុជា-វៀតណាម ។

     ទោះជាយ៉ាងណាក៏ដោយ ការមិនឯកភាពគ្នារវាងគណៈកម្មការព្រំដែនប្រទេសទាំង២ ត្រូវ ឯកឧត្តម វ៉ា គឹមហុង បញ្ជាក់ថា គឺមិនបានប៉ះពាល់ដល់ការងារបោះបង្គោលតាមព្រំដែននោះឡើយ… ហើយគេនៅតែបន្តបោះបង្គោលតាមព្រំដែនជាធម្មតា ។