ក្រសួងការបរទេសវៀតណាមឆ្លើយតបកម្ពុជា


     ក្រសួងការបរទេសវៀតណាម បានធ្វើលិខិតឆ្លើយតបនឹងក្រសួងការបរទេសកម្ពុជា ដែលស្នើរកការចាត់វិធានការណ៍ស្រាវជ្រាវផ្តន្ទាទោសក្រុម ឬបុគ្គល ក្នុងប្រទេសវៀតណាម ដែលប្រើពាក្យប្រមាថក្នុងហ្វេសប៊ុក មកលើនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ។

     មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ឡេ ហាញ់ប៊ិញ បានថ្លែងថា ការដែលមានមនុស្សមួយក្រុម ដែលគេចាត់ទុកថា ជាប្រជាជនវៀតណាមបាននិយាយក្នុងបណ្តាញសង្គមនោះ គឺមិនបានឆ្លុះបញ្ចាំងអំពីទស្សនៈ របស់វៀតណាមនោះឡើយ ។ មន្ត្រីក្រសួងការបរទេសវៀតណាមដដែលបានថ្លែងថា វៀតណាមមិនគាំទ្រចំពោះការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិណា ប្រមាថមើលងាយបុគ្គល ឬសម្តែងអកប្បកិរិយាញុះញង់ជ្រុលនិយម បំបែកមនោសញ្ចេតនាដ៏ល្អ រវាងប្រជាជននៃប្រទេសទាំង២នោះទេ ។ មន្ត្រីក្រសួងការបរទេសវៀតណាម បានបន្តថាវៀតណាមផ្តល់សារៈសំខាន់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងនៃភាពជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា និងបន្តជម្រុញទំនាក់ទំនងនេះប្រកបដោយសន្តិភាព មិត្តភាពល្អប្រសើរដើម្បីផលប្រយោជន៍រួម របស់ប្រជាជននៃប្រទេសទាំង២ ។

     គួររំលឹកថា ក្រោយរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងជំហរលើបញ្ហាឈូងសមុទ្ទចិនខាងត្បូង មានបុគ្គលនិងក្រុមវៀតណាមមួយចំនួន ជាពិសេសហ្វេសប៊ុកដែលមាន Account ឈ្មោះង្វៀងវ៉ាន់ថៃ ដែលបានប្រើពាក្យសរសេរពាក្យមិនគប្បី មកលើនាយករដ្ឋមន្ត្រីកម្ពុជា ។ សម្តេចនាយករដ្ឋមន្ត្រី បានសរសេរតបលើហ្វេសប៊ុកថា សម្តេចមិនមែនជាអាយ៉ងរបស់វៀតណាម ដែលត្រូវបម្រើវៀតណាម លើបញ្ហាដែលជាផលប្រយោជន៍របស់វៀតណាម ហើយសម្តេចក៏មិនមែនជាចៅហ្វាយវៀតណាម… ហើយក៏មិនត្រូវឱ្យវៀតណាម មកបម្រើផលប្រយោជន៍ នយោបាយរបស់កម្ពុជានោះដែរ ។ សម្តេចតេជោសែនបានសរសេរទៀតថា ជម្លោះអធិបតេយ្យក្នុងសមុទ្រចិន ខាងត្បូង គួរតែត្រូវបានដោះស្រាយដោយសន្តិវិធីរវាង ចិន និងវៀតណាម ជាជាងការដោះស្រាយតាមសង្រ្គាម ។

     ជម្លោះដណ្តើមទឹកដីគ្នានៅទីប្រជុំកោះក្នុងដែនសមុទ្ទចិនខាងត្បូង ត្រូវគេឃើញថា រួមមានភាពពាក់ព័ន្ធរបស់ចិន ជាមួយនឹងប្រទេស៤ ក្នុងអាស៊ាន គឺប្រទេសម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងប្រទេសប្រុយណេ ។ កម្ពុជាបានចាត់ទុកបញ្ហាសមុទ្ទចិនខាងត្បូង គឺជាបញ្ហារវាងបណ្តាប្រទេសដែលមានការពាក់ព័ន្ធជាមួយគ្នា លើបញ្ហាអធិបតេយ្យ ហើយមិនមែនជាបញ្ហារវាងអាស៊ាន និងចិននោះទេ ។ រដ្ឋាភិបាលកម្ពុជាបានអំពាវនាវ ឱ្យបណ្តាប្រទេសដែលមានការពាក់ព័ន្ធ ធ្វើការដោះស្រាយជម្លោះនោះជាមួយគ្នាដោយសន្តិវិធី ។