អភ័យឯកសិទ្ធិ លោកស្រី ថាក់ ឡានី ត្រូវបានព្រឹទ្ធសភាបោះឆ្នោតដកចេញហើយ


Lak Thany 01 09 16
(ភ្នំពេញ)៖ រហូតដល់ម៉ោង ០៩ៈ១០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ ព្រឹទ្ធសភាទាំងមូល បានសម្រេចដកអភ័យឯកសិទ្ធិរបស់ លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ីហើយ ដោយមានសមាជិកព្រឹទ្ធសភា ៤៦គាំទ្រឱ្យលើកអភ័យឯកសិទ្ធិនេះ។ នេះបើតាម លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា។
លោកស្រី ថាក់ ឡានី និង លោក សម រង្ស៊ី ត្រូវបានប្តឹងដោយ សម្តេចតេជោ ហ៊ុន សែន តាមរយៈ មេធាវី គី តិច កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ដោយទាមទារសំណងចំនួន ១០០រៀល ពាក់ព័ន្ធនឹងការចោទប្រកាន់ សម្តេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាលកម្ពុជាថា ជាអ្នករៀបចំការបាញ់សម្លាប់លើ លោកបណ្ឌិត កែម ឡី ។ ជុំវិញបណ្តឹងនេះ លោកស្រី ថាក់ ឡានី ដោយសំអាងលើអភ័យឯកសិទ្ធ បានបដិសេធមិនចូលខ្លួនឆ្លើយបំភ្លឺជាលើកទី២ បន្ទាប់ពីមានការកោះហៅពីតុលាការ។
ទោះជាយ៉ាងណា ការស្នើលើកអភ័យឯកសិទ្ធិនេះ ធ្វើឡើងតាមសំណើរបស់ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដើម្បីឱ្យតុលាការអាចបន្តនីតិវិធីរបស់ខ្លួន៕