សម្តេចតេជោសែន គ្រោងចូលរួមប្រជុំអាស៊ាន បីថ្ងៃ នៅឡាវ


HS Supmit Asean 02 09 16 2 copy

     សម្ដេចតេនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំអាស៊ានរយៈពេល ៣ថ្ងៃ នៅសប្ដាហ៏ក្រោយក្នុង ក្រុងវៀងច័ន្ទប្រទេសឡាវ ។

     សេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ថ្ងៃទី១ ខែកញ្ញានេះ បានឱ្យដឹងថា កិច្ចប្រជុំអាស៊ាន ៣ថ្ងៃ រវាងពីថ្ងៃទី៦ ដល់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៦ នឹងរួមមានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨ និងទី២៩…. កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី២… កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី២ឆ្នាំម្ដងលើកទី១…. កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី១៩ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-ចិន… កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៤… កិច្ចប្រជុំកំពូលអាស៊ានជប៉ុនលើកទី១៨… កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី៨… កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី៨…. កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៤…. កិច្ចប្រជុំកំពូលអាស៊ានបូក៣លើកទី១៩ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១១ ។

     សេចក្តីរាយការណ៍បានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យនៃសសរស្ដម្ភសហគមន៍អាស៊ានទាំង៣… សហគមន៍នយោបាយ និងសន្ដិសុខអាស៊ាន… សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គមនិងវប្បធម៌អាស៊ាន ។ ថ្នាក់ដឹកនាំអាស៊ាន និងបណ្ដាប្រទេសដៃគូសន្ទនាអាស៊ាន នឹងពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យដ៏ទូលំទូលាយ ដោយមានគោលបំណង សម្រេចឲ្យបាននូវគោលដៅជាងមុនថែមទៀត នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៍ដូចជាបញ្ហាពាក់ពន្ធ័លើវិស័យសន្ដិសុខនៅក្នុង និងក្រៅតំបន់ ដូចជាសន្ដិសុខលំហរសមុទ្រ… ភេរវកម្ម ការផ្លាស់ប្ដូរអាកាសធាតុ និងបញ្ហាផ្សេងទៀត ។

     ក្នុងអំឡុង ពេលកិច្ចប្រជុំកំពូលលើកទី២៨ និង២៩ និងកិច្ចប្រជុំកំពូលពាក់ពន្ធ័ សម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំអាស៊ានដទៃទៀត នឹងចុះហត្ថលេខាលើ សេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីអាស៊ានមួយ ការឆ្លើយតបមួយៈ ការឆ្លើយតបរបស់អាស៊ាន ទៅនឹងគ្រោះមហន្តរាយជាផ្នែកមួយនៅក្នុងតំបន់ និងក្រៅតំបន់ ។ ក្រៅពីការអញ្ជើញចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨ និង២៩ សម្ដេចតេជោសែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលការវិនិយោគ និងធុរៈ កិច្ចអាស៊ានឆ្នាំ២០១៦… និងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៣៨ ។

     សេចក្តីរាយការណ៍បានឱ្យដឹងថា ក្នុង ដំណើរចូលរួមកិច្ចប្រជុំនៅប្រទេសឡាវនោះ សម្ដេចតេជោនឹងជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតី… នាយករដ្ឋមន្ត្រី និងប្រមុខគណៈប្រតិភូនៃប្រទេសមួយចំនួនផងដែរ ។