រមណីយដ្ឋានអង្គរខេត្តសៀមរាប ទាញបានចំណូលពីភ្ញៀវទេសចរណ៍បរទេសប្រមាណជាង ៤០លានដុល្លារ អាមេរិក ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០១៦ នេះ។ ចំនួននេះ ត្រូវគេបញ្ជាក់ថា មានការកើនឡើងច្រើន បើធៀបទៅនឹង ៨ខែ កាលពីឆ្នាំមុន ។
សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកញ្ញានេះ បានឱ្យដឹងថា ភ្ញៀវទេសចរណ៍បរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០១៦ នេះ មានចំនួនសរុប ១,៤៣២,៣១៦ នាក់ កើនឡើង ២.០១% បើប្រៀបធៀបនឹងរយៈពេលដូច គ្នាកាលពីឆ្នាំ២០១៥ ។ ចំណែកប្រាក់ចំណូលរយៈពេល ៨ខែ ឆ្នាំ២០១៦នេះ គេទទួលបានប្រាក់ចំណូលសរុប ៤០,៧៦៧,៦៨០ ដុល្លារ កើនឡើង២,៣៧% ។
គ្រឹះស្ថានអង្គរបានបញ្ជាក់ទៀតថា ដោយឡែកគិតតែត្រឹមខែសីហា កន្លងទៅនេះ ភ្ញៀវទេសចរណ៍ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១៧២,០៤៧ នាក់ ដែលទទួលបានទឹកប្រាក់ សរុបចំនួន ៤,៨៩៧,០០០ ដុល្លារ ៕