ក្រសួងទេសចរណ៍ប្រគល់វិញ្ញាបនបត្របំប៉នសមត្ថភាពដល់អ្នកកំពុងបម្រើការងារសេវាកម្មតុការ អាហារដ្ឋាន និងភោជនីយដ្ឋានទេសចរណ៍ ចំនួន ១៣០០នាក់ នៅរាជធានីភ្នំពេញ


(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្ដម ប៉ាក់ សុខុម រដ្នលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ភីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមជ័យលាភីចំនួន ១៣០០នាក់ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។

ឯកឧត្តមបានលើកឡើងថា កត្តាសុខសន្តិភាពគឺជាមូលដ្ឋានស្នូលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដូចនេះ យុវជនកម្ពុជាត្រូវខិតខំថែរក្សាឲ្យបានស្ថិតស្ថេរ និងជ្រោមជ្រែងការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីជំរុញការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។

ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ភាគីឯកជន និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ដែលតែងតែគាំទ្រ សហការ និងយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍជំនាញវិជ្ជាជិវៈទេសចរណ៍ ដោយបានអនុវត្តនូវបទដ្ឋានគិតយុត្ត យន្តការ និងឯកសារទ្រទ្រង់នានា ដែលក្រសួងទេសចរណ៍បានដាក់ចុះ ជាពិសេស បានគិតគូរដល់ការពង្រឹង និងទទួលស្គាល់ជំនាញរបស់អ្នកកំពុងបម្រើការងារសេវាកម្មតុការ អាហារដ្ឋាន និងភោជនីយដ្ឋានទេសចរណ៍ តាមរយៈការបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពជាក់ស្តែង ដែលសកម្មភាពនេះឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រដែលបានដាក់ចុះរួមមាន៖

• ឆ្នាំ២០២០ ទេសចរណ៍កម្ពុជានឹងសម្រេចបាននូវការងារដោយធ្វើការបណ្តុះបណ្តាល និងវាយតម្លៃ អ្នកជំនាញទេសចរណ៍កម្ពុជា បានចំនួន៥០%។
• ឆ្នាំ២០២៥ ទេសចរណ៍កម្ពុជានឹងសម្រេចបាននូវការងារដោយធ្វើការបណ្តុះបណ្តាល និងវាយតម្លៃ អ្នកជំនាញទេសចរណ៍កម្ពុជា បានចំនួន១០០% ដោយចូលរួមជម្រុញផ្សព្វផ្សាយយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ”។
• ឆ្នាំ២០៣០ ទេសចរណ៍កម្ពុជានឹងចូលរួមសម្រេចគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ SDGs ចំណុចលេខ ៤ និង ៨។

សូមរំលឹកផងដែរថា ជាមួយនឹងកំណើនទេសចរជាតិ និងអន្តរជាតិដ៏ខ្លាំងក្លា នាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍បានបង្កើតការងារផ្ទាល់បានប្រមាណ ៦២ ម៉ឺននាក់ ស្មើនឹង១២,៣% នៃការងារសរុប ហើយនៅក្នុងឆ្នាំ២០២០ និងបង្កើតការងារផ្ទាល់បានប្រមាណ ជិត១លាននាក់ និង ២០២៥ ជិត ១,២លាននាក់ និង ឆ្នាំ២០៣០ បានចំនួន ២លាននាក់ ដោយមិនគិតពីការងារដោយប្រយោល រាប់សិបម៉ឺននាក់ទៀត។