លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា ព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គម បានអប់រំដល់ ប្រជាពលរដ្ឋឱ្យ ចេះគោរពវិន័យ និងព្រានប្រដៅមនុស្សឱ្យប្រព្រឹត្ដតែអំពើល្អ រស់នៅដោយសុខដុមរមនាក្នុងសង្គមគ្រួសារ។
លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែបនេះ ខណៈដែលលោកជំទាវអញ្ជើញចូលរួមក្នុងពិធីសិតព្រះពុទ្ធរូប ដែលបានប្រារព្ធធ្វើឡើង នៅក្នុងវត្តលង្ការព្រះកុសុមារាម កាលពីរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦។
សម្តេចអរិយវង្ស សៅរ៍ ចាន់ថុល ព្រះចៅអធិការវត្តលង្ការបានមានសង្ឃដិកាថា ពិធីសិតព្រះនេះគឺមានតាំងពី បុរាណកាលមកម្ល៉េះ ហើយបានប្រារព្ធ ពិធីតាមបែបព្រះពុទ្ធសាសនានេះរហូតមកដល់បច្ចុប្បន្ន។
ការសិតព្រះនាពេលនេះ គឺបានកសាងតួអង្គព្រះអង្គផ្ចាញ់មារ ដែលមានកម្ពស់ជិត ២ម៉ែត្រ និងព្រះភ្នែនប្រវែង ១,៦ ម៉ែត្រ ដោយមានការចូលរួមពី សំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលមាន ទឹកចិត្តសុទ្ធាជ្រះថ្លាចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនថែមមួយកម្រិត ទៀត។
បន្ទាប់ពីបានសិតព្រះពុទ្ធរូបរួចរាល់ហើយ នឹងធ្វើពិធីដង្ហែព្រះអង្គទៅតម្កល់ទុកនៅវត្តខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដើម្បីទុកជាសក្ការៈ៕
លោកជំទាវ ម៉ែន សំអន៖ ព្រះពុទ្ធសាសនាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម
