អ្នកនាំពាក្យ CPP ជំរុញឯកឧត្តម កឹម សុខា និងអ្នកពាក់ព័ន្ធ ការគំរាមសម្លាប់ ប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍


ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានជំរុញ ឯកឧត្តម កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ (CNRP) និងអ្នកពាក់ព័ន្ធមួយចំនួន ដែលត្រូវជនអនាមិក បានគំរាមសម្លាប់ តាមបណ្ដាញទំនាក់ទំនងសង្គម (Facebook) គួរដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ និងជាសុវត្ថិភាពផ្ទាល់ខ្លួនផង ។
យោងតាមហ្វេសប៊ុក របស់លោកបណ្ឌិត សុខ ទូច កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ បានឲ្យដឹងថា “កែម ឡី ងាប់មួយហើយ បន្តទៀតគឺ កឹម សុខា បន្ទាប់ សុខ ទូច ហើយប៊ុត ប៊ុនតិញ ខុម ចាន់តារាទី ជុន ច័ន្ទបុត្រ អ៊ូ វីរៈ ឡៅ ម៉ុងហៃ ពួកវាអស់ជីវិតត្រឹម២០១៨ ពួកហែងចាំមើលទៅ ថាអញនិយាយពិត ឬនិយាយលេង” ។
ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា តាមការវាយតម្លៃទៅ អ្នកដែលបានប្រមាថ អាយុជីវិត អ្នកទាំងអស់នោះ ប្រហែលមិនស្ថិតនៅក្នុងប្រទេសកម្ពុជានោះទេ ព្រោះហ្វេសប៊ុក ជាឱកាសឲ្យជនមិនពេញចិត្ត មួយចំនួន ចំពោះបងប្អូនមួយចំនួនហ្នឹង ឆ្លៀតឱកាសចេះតែថាទៅ ប៉ុន្តែគ្មានលទ្ធភាពអ្វីមកធ្វើឃាត ឯកឧត្តម កឹម សុខ និងអ្នកទាំងនោះទេ ។
ឯកឧត្តមបានបន្តថា “ខ្ញុំយល់ថា ដើម្បីការពារសុខសុវត្ថិភាព ដែលអាចកើតមានជាយថាហេតុ យើងមិនធ្វេសប្រហែសទេ អាហ្នឹង គួរតែសមីជនទាំងអស់នោះ ដាក់ពាក្យប្តឹងទៅសមត្ថកិច្ច ត្រង់ថាស្រាវជ្រាវ ឬមិនស្រាវជ្រាវយ៉ាងម៉េច ពេលដែលបានទទួលពាក្យ យើងហើយ សមត្ថកិច្ចគេនឹងចាត់ការ បើថាឃើញ ឬមិនឃើញយ៉ាងម៉េច ឲ្យវាអស់ចិត្តយើង” ។